ដោយៈសុធា
ភ្នំពេញៈ បន្ទាប់អាក់ខានក្នុងការរៀបចំពិព័រណ៍ ទាក់ទងនឹងវិស័យសំណង់ និង អចលនទ្រព្យ អស់រយៈពេលជិត២ឆ្នាំ ដោយសារវិបត្តិកូវិដ ១៩ សមាគមអ្នកសាងសង់កម្ពុជា បានសម្រេចរៀបចំការតាំង ពិព័រណ៍សំណង់ប្រចាំឆ្នាំរបស់ខ្លួន តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ។

អ្នកនាងសឿន ស៊ីណាត អ្នកគ្រប់គ្រងកិច្ចការអន្តរជាតិ និងផ្នែកលក់របស់សមាគមអ្នកសាងសង់កម្ពុជាបានប្រាប់ Property Asia area នៅថ្ងៃទី ១៥ ខែកញ៉ា ឆ្នាំ ២០២១ ថា ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះ គឺរៀបចំនៅមជ្ឍមណ្ឌលទីក្រុងកោះពេជ្រ។ ប៉ុន្តែដោយសារវិបត្តិCovid 19 ធ្វើអោយព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវរៀបចំតាមប្រព័ន្ធអនឡាញវិញនៅចុងឆ្នាំនេះ។ ពិព័រណ៍នេះ គឹផ្តោតជាសំខាន់ទៅលើសម្ភារៈ បរិក្ខារគ្រឿងសំណង់ និងគ្រឿងចក្រសំណង់ធំៗជាដើម។
អ្នកនាងបញ្ជាក់ថា “ដោយសារតែព្រឹត្តិការណ៍ពិព័រណ៍សំណង់នេះ គឺរៀបចំជាលើកដំបូងតាមប្រព័ន្ធឌីជីថល ធ្វើអោយយើងមិនអាចកំណត់ចំនួនក្រុមហ៊ុនក្នុងស្រុក និង អន្តរជាតិ ក្នុងចំនួន និងទំហំប៉ុន្មានទេ ដែលចូលរួមព្រឹត្តិការណ៍នេះទេ”។
ព្រឹត្តិការណ៍ទាក់ទងនឹងវិស័យសំណង់នេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយផ្តោតជាសំខាន់ ទៅលើការបង្ហាញផលិតផលរាប់ពាន់មុខ ពីក្រុមហ៊ុនក្នុងស្រុក និង អន្តរជាតិ។ តាមរយៈពិព័រណ៍នេះ ក្រុមហ៊ុន និងអតិថិជនជាតិ ព្រមទាំងអន្តរជាតិអាចជួបគ្នាដោយផ្ទាល់ និងសិក្សាពីផលិតផល និងសេវាកម្ម ចុងក្រោយទាក់ទងនឹងវិស័យសំណង់នេះ។
បើតាមការពន្យល់អ្នកគ្រប់គ្រងទូទៅ នៃសមាគមអ្នកសាងសង់បញ្ជាក់ បន្ថែមទៀត ការតាំងពិព័រណ៍ មិនត្រឹមតែបង្ហាញពីផលិតផលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយស្តារវិស័យសំណង់ និងសេដ្ឋកិច្ចឡើងវិញផងដែរ បន្ទាប់ពីវិបត្តិសកលធ្វើអោយប៉ះពាល់វិស័យអចលនទ្រព្យ និងសំណង់ ក្នុងប្រទេសកម្ពុជាប្រមាណជាង២ឆ្នាំមកនេះ៕







