ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានអះអាងថា រដ្ឋបាលគយចិន (GACC) បាននិងកំពុងពន្លឿនការចុះពិធីសារ លើមុខដំណាំមួយចំនួនទៀត ដើម្បីជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិនកាន់តែច្រើនថែមទៀត ដើម្បីឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំង២។

លោកបានលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ជាមួយនឹងលោក Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១កន្លងមកនេះ។
ក្នុងកិច្ចប្រជុំនេះ លោក វេង សាខុន ដែលជាប្រធានប្តូរវេនរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បានស្នើជាថ្មីទៅកាន់លោក Wang Lingjun ឱ្យជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនឱ្យកាន់តែច្រើន។
លោកថ្លែងថា “យើងនៅប្តេជ្ញាចិត្តបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) រវាងអាស៊ាន-ចិន ដើម្បីសម្រួលដល់លំហូរស្បៀង និងផលិតផលកសិកម្មឆ្លងព្រំដែននៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩”។
មៀនប៉ៃលិន គឺជាមុខដំណាំបន្ទាប់ពីផ្លែស្វាយស្រស់ ដែលកម្ពុជាកំពុងធ្វើការចរចាបើកទីផ្សារទៅប្រទេសចិន តាមការស្នើសុំរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩កន្លងមក។
អគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី ២៥ ខែសីហា បានអះអាងថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់នាំចូលប្រទេសចិន ទទួលបានការវិវត្តមួយកម្រិតដោយភាគីចិនបានស្នើឱ្យភាគីកម្ពុជា ធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រាវ និងការដាក់ចេញវិធានការសម្រាប់ទប់ស្កាត់ និងកម្ចាត់សមាសភាពសត្វចង្រៃទាំង៨មុខ”។ នេះបើតាមលោក វេង សាខុន។
លោកបានបន្តថា ភាគីចិនបានសន្យានឹងបន្តធ្វើការវាយតម្លៃ នៅពេលភាគីកម្ពុជាឆ្លើយតបមកវិញដោយភាគីចិនសង្ឃឹមថា ភាគីទាំង២ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញការងារលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំផ្លែមៀនកម្ពុជាទៅប្រទេសចិនឱ្យទទួលជោគជ័យ៕







