ទេសាភិបាលធនាគារជាតិនៃកម្ពុជាៈការគ្រប់គ្រងអតិផរណានៅកម្ពុជាបានល្អ

ដោយៈសុជាតា

 ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានមានប្រសាសន៍ថា កម្ពុជាគ្រប់គ្រងះតោផរណាបានល្អ ជាមួយនឹងកម្រិតរង្វង់ទាបជាង៣ភាគរយ ស្របពេលសុខភាព ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាមានភាពល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបជាមួយ ក្រុម​​​​បេសកកម្មពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជា លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការគាំទ្រសង្គមនិងសុខាភិបាល ដែលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព។

លោកទេសាភិបាល ក៏បានលើកឡើងពីការគ្រប់គ្រងសម្ពាធអតិផរណា ដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ (ប្រែប្រួលទាបជាង ២%)។ កម្ពុជាក៏បានរក្សាកម្រិតខ្ពស់គ្រប់គ្រាន់ នៃទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញទំនិញនិងសេវាប្រមាណ១០ខែ។ ទន្ទឹមនេះ ប្រព័ន្ធធនាគារក៏បានរក្សាភាពធន់ និងបានរួមចំណែក ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយដល់វិស័យដែលទទួលរងផលប៉ះពាល់និងប្រជាជនងាយរងគ្រោះ។

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះជំនួយបច្ចេកទេសរបស់ IMF ជាពិសេសវត្តមាន ការិយាល័យតំណាងរបស់ IMF នៅកម្ពុជា និងជំនាញការ IMF នៅធនាគារជាតិនៃកម្ពុជាដែលបានរួមចំណែកគាំទ្រការរៀបចំ អនុវត្តគោលនយោបាយនានា ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស។

លោក Alasdair Scott បានជម្រាបជូនពីគោលបំណង នៃការបំពេញបេសកកម្មរយៈពេល២ សប្តាហ៍នេះ គឺចាប់ពីថ្ងៃទី១៣-២៧ ខែកញ្ញា ឆ្នាំ២០២១ និងបានថ្លែងការកោតសរសើរពីវិធានការរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាក្នុងការកាត់បន្ថយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

បេសកកម្មពិគ្រោះយោបល់មាត្រា IV ជាបេសកកម្មរបស់ IMF ដែលត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ នៅគ្រប់បណ្តាប្រទេសជាសមាជិក ក្នុងគោលបំណងតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលើកជាអនុសាសន៍គោលនយោបាយ សម្រាប់អនុវត្តសំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here