ក្រុមហ៊ុនលក់រាយរបស់ថៃកាន់តែច្រើនចូលទីផ្សារកម្ពុជាក្នុងវិបត្តិកូវីដ១៩នេះ

ដោយៈលក្ខិណា

ភ្នំពេញៈនៅក្នុងបរិបទកូវីដ១៩ ការវិនិយោគនិងការធ្វើមុខជំនួញមួយចំនួនត្រូវបានមើលឃើញថាថមថយ តែមួយចំនួនទៀតមានកំណើន និងមានការវិនិយោគជាបន្តបន្ទាប់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្ដែងនៅក្នុងបរិបទកូវីដ១៩នេះ គេឃើញថាក្រុមហ៊ុនលក់រាយម៉ាកយីហោពីប្រទេសថៃជាច្រើន បានចូលមកកាន់ទីផ្សារកម្ពុជា នៅក្នុងវិបត្តិកូវីដ១៩និងក្នុងអំឡុងនៃការរីករាលដាលនៃជំងឺនេះ នៅកម្ពុជានិងនៅប្រទេសថៃជាដើម។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ក្រុមហ៊ុនលក់រាយយីហោរបស់ប្រទេសបានចូលមកបើកដំណើរការ នៅក្នុងប្រទេស និងមានក្រុមហ៊ុនផ្សេងទៀត ក៏គ្រោងនឹងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារ និងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គលប្រធានសមាគមធុរកិច្ចថៃប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា យើងឃើញថានៅក្នុងវិបត្តិកូវីដ១៩នេះ ហាងទំនិញយីហោរបស់ប្រទេ​សថៃ បានចូលមកកម្ពុជាជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា ហើយក៏ជាសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ។

លោកស្រីបន្តថា កាលពីមុនប្រជាពលរដ្ឋថៃ តែងតែធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីទិញទំនិញនៅទីទាំងនោះប្រើប្រាស់ ហើយក្នុងពេលកូវីដ១៩នេះ ការធ្វើដំណើរក៏ត្រូវមានការរឹតបន្តឹង និងតម្រូវឱ្យមានការធ្វើចត្តាឡីស័ក ពេលមកដល់ប្រទេសកម្ពុជាវិញ ដូច្នេះដើម្បីសម្រួលដល់ពលរដ្ឋ ដែលតែងតែនិយមទំនិញថៃ ក្រុមហ៊ុនលក់រាយថៃជាច្រើនក៏សម្លឹងមើលពីទីផ្សារកម្ពុជា និងមកបើកទីតាំងនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដងហើយក៏មានការគាំទ្រ ពីប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ ជាក់ស្ដែងហាងទំនិញ 7 Eleven ដែលចូលមកកម្ពុជាក៏មានពលរដ្ឋជាច្រើនគាំទ្រ និងត្រៀមបើកសាខាជាបន្តបន្ទា​ប់ទៀតនៅក្នុងប្រទេសកម្ពុជា ។

លោកស្រីបន្ថែមថា ក្រៅពីហាងទំនិញ 7 Eleven ហាងលក់រាយរបស់ថៃក៏ដូចជាផ្សារទំនើបរបស់ថៃផ្សេងទៀត នឹងចូលមកកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះផ្សារទំនើបBig C ដែលពលរដ្ឋកម្ពុជាជាច្រើន បានស្គាល់និងបានទៅទិញទំនិញនៅប្រទេសថៃ ក៏គ្រោងនឹងចូមកកម្ពុជានៅពេលឆាប់ៗនេះដែរ ។

លោកស្រីថា“នៅពេលBig C ចូលមកកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ដែលនិយមទៅទិញទំនិញនៅ Big C ថៃ ក៏មិនចាំបាច់ចំណាយពេលវេលា និងថវិកា ដើម្បីធ្វើដំណើរទៅប្រទេសថៃរកទំនិញដែលខ្លួនចង់បាននោះទេ គឺពលគាត់អាចរកទំនិញទាំងនោះនៅក្នុងផ្សារទំនើបថៃដែលមានវត្តមាននៅកម្ពុជាបាន”។

កាលពីពេលថ្មីៗកន្លងទៅនេះ សមាគមពីរពាក់ព័ន្ធនឹងជំនួញ និងការវិនិយោគរវាងថៃ និងកម្ពុជាបានចុះហត្ថលេខាសហការ ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមករវាងប្រទេសថៃនិងកម្ពុជា ហើយក៏រំពឹងថានឹងជំរុញឱ្យការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងថៃ និងកម្ពុជាកាន់តែមានសន្ទុះបន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here