ប្រទេសកម្ពុជាជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

ដោយៈសុជាតា

ភ្នំពេញៈ កិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋា​ភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(គ.ស.អ.អ) បានរៀបចំឡើងចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់៨ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារដែលភាគីទាំងពីរបានអនុម័ត នាកិច្ចប្រជុំលើកទី២ ដែលបានធ្វើនៅទីក្រុងម៉ូស្គូ កាលពីខែឧសភា ឆ្នាំ២០១៨ និងពិភាក្សាពីផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា និងជំរុញភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ ឱ្យកាន់តែរឹងមាំ ល្អប្រសើរ និងទូលំទូលាយ។

ភាគីទាំងពីរបានកត់សម្គាល់អំពីសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើ  វិស័យពាណិជ្ជកម្មនិងវិនិយោគ ដើម្បីជំរុញកំណើនកាន់តែខ្ពស់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម ជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្ម។ ភាគីកម្ពុជា បានបង្ហាញពីឆន្ទៈ ក្នុងការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យលទ្ធភាពនៃការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងគ.ស.អ.អ នាពេលខាងមុខ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាព ក្នុងការខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិ​បត្តិការឱ្យបានកាន់តែស៊ីជម្រៅ បន្ថែមទៀតលើវិស័យអាទិភាព រួមមាន៖ (១)កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ (២)កិច្ចសហប្រតិបត្តិការលើវិស័យគយ (៣)វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (៤)វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងការអភិវឌ្ឍឌីជីថល (៥)វិស័យឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ (៦)របាំងបច្ចេកទេសពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស និងអនាម័យនិងភូតគាមអនាម័យ និង(៧)កម្មសិទ្ធិបញ្ញា និងការការពារអ្នកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here