ការនាំចេញ កង់ពីកម្ពុជាទៅក្រៅប្រទេសសម្រេចបានទំហំទឹកប្រាក់៤១៦លាន ដុល្លារអាមេរិក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញ​កង់​ពី​ប្រទេស​កម្ពុជា​ទៅ​លក់​ នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល៨​ខែ ដើមឆ្នាំ​ ២០២១ មាន​ចំនួន ១,៨៦ ​លាន​គ្រឿង ដោយ​ប្រមូល​បាន​ប្រាក់​សរុប​ជាង៤១៦លាន​ដុល្លារ កើន​ជាង៨២​ លាន​ដុល្លារ​ ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យដដែលបាន​បង្ហាញថា ទោះបី​វិបត្តិ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ នៅតែ​បន្ត​អូសបន្លាយ​ ដែល​បង្ក​ផលប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​មួយចំនួន ក៏​ការនាំចេញ​កង់​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មិនបាន​ធ្លាក់ចុះ​ឡើយ ដោយ​គិតពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២១ កម្ពុជាបាន​នាំចេញ​កង់​ ក្នុង​ទឹកប្រាក់​សរុប៤១៦,៨៥​លាន​ដុល្លារ កើនឡើង ២៤,៥៥​ភាគរយ ​ស្មើនឹង​ចំនួន៨២,១៧លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​៨ ខែ​ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់៣៣៤,៦៧លាន​ដុល្លារ​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ទីផ្សារ​នាំចេញ​កង់​កម្ពុជា ​បាន​រក្សា​ភាពវិជ្ជមាន​ជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ភាព​វិជ្ជមាន​នេះ​បានមកពី​កត្តា​រួមផ្សំ​មួយចំនួន​ ដូចជា ការបង្កើត​បាន​ទីផ្សារ​ថ្មីៗ​ជា​បន្តបន្ទាប់ អ្នកបញ្ជា​ទិញ​មាន​ទំនុកចិត្ត​លើ​ការផលិត និង​ការផ្គត់ផ្គង់​របស់​កម្ពុជា ជាពិសេស​ការគ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូវីដ​១៩បានល្អ ដើម្បី​ធានា​និរន្តរភាព​របស់​ខ្សែចង្វាក់​ផលិតកម្ម​។

លោក​បន្តថា “​កំណើន​ទឹកប្រាក់​នៃ​ការនាំចេញ​កង់ ​ក្នុង​រយៈពេល​នេះ​គឺជា​ចំណែក​នៃ​កិច្ចខិតខំ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការអំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ឱ្យ​បន្ត​ការបញ្ជាទិញ ព្រម​ជាមួយ​នឹង​ទំនុកចិត្ត​របស់​អ្នកបញ្ជាទិញ​កង់​ពី​កម្ពុជា​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here