ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បាននិងកំពុងបញ្ចេញទុន២០លានដុល្លារ ដើម្បីជួយដល់ធនាគារសហគ្រាសធុនតូចនិងមធ្យម(SME Bank) នៅក្នុងដំណាក់កាលទី១ និងទី២ និងជួយដល់វិស័យនេះ។
លោកសាយ សូនី នាយកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់បានមានប្រសាសន៍ឲ្យដឹងថា ប្រាសាក់ បាននិងកំពុងធ្វើការ ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម ចាប់តាំងពីជំហានដំបូង តាមរយៈការចូលរួមផែនការសរុប៥លានដុល្លារ ប៉ុន្តែជាក់ស្តែងស្ថាប័នរបស់លោក បានបញ្ចេញ១០ លានដុល្លាររួចទៅហើយ នៅដំណាក់កាលទី១។ លោកបានបន្តថា នៅជុំទី២ ថ្នាក់គ្រប់គ្រងបានបញ្ជាក់ថា នឹងចូលរួម៥លានដុល្លារទៀត ដែលនឹងអាចឱ្យបញ្ចេញប្រាក់១០លានដុល្លារបន្ថែមទៀត។
លោកបន្ត “សរុបមកយើងអាចបញ្ចេញទឹកប្រាក់២០លានដុល្លារ ដើម្បីជួយដល់ SME រួមជាមួយនឹងធនាគារ SME bank នៅជុំទាំង២”។ លោកបន្តថា “ផែនការពិសេសនេះនឹងអាចឱ្យ SME មានលទ្ធភាពទទួលបានកម្ចី ពីគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែងាយស្រួល ដោយមានអត្រាការប្រាក់កាន់តែទាប។ ដូច្នេះពួកគេអាចមកកាន់ប្រាសាក់ ឬធនាគារដែលចូលរួមផ្សេងទៀត (ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញ) ប្រសិនបើពួកគេត្រូវការកម្ចី ដើម្បីគាំទ្រអាជីវកម្មរបស់ពួកគេក្នុងអំឡុងពេលដ៏ពិបាកនេះ”។
លោកសាយ សូនី ក៏បានកោតសរសើររាជរដ្ឋាភិបាល ជុំវិញយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ និងបេសកកម្មការងារកាន់តែលំបាករបស់រដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោកបានបន្ថែមថា យើងសង្ឃឹមថា សកម្មភាពអាជីវកម្មជាទូទៅនឹងត្រឡប់ទៅរកភាពធម្មតាជាថ្មីក្នុងពេលឆាប់បំផុត ហើយយើងសង្ឃឹមថា អតិថិជនចាស់ និងអតិថិជនថ្មីនឹងមករកយើងដើម្បីទទួលបានកម្ចី សម្រាប់ចាប់ផ្ដើមជាថ្មីនូវអាជីវកម្មរបស់ពួកគេ ឬការពង្រីកអាជីវកម្ម ដូច្នេះយើងត្រៀមខ្លួនជាស្រេច ដើម្បីបម្រើពួកគេ តាមរយៈផែនការធនាគារ SME ព្រមទាំងការដឹកនាំទៅរកផ្ដល់ហិរញ្ញប្បទានផ្ទាល់ខ្លួនរបស់យើង៕