ភ្នំពេញ ៖ ធនាគារហ្វីលីព ដែលជាធនាគារពាណិជ្ជលំដាប់ទី៣នៅកម្ពុជា បានដាក់ដំណើរការនូវការទូទាត់តាមបច្ចេកវិទ្យាឌីជីថលប្រភេទថ្មីមួយទៀត មានឈ្មោះថា ម៉ាស្ទ័រកាតនិម្មិត ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានជម្រើសច្រើនក្នុងការទូទាត់ ។
ថ្លែងនៅក្នុងពិធីសម្ពោធដំណើរការម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព កាលពីល្ងាចថ្ងៃទី១០ សីហា ២០២០នៅសាខាផ្លូវមុនីវង្ស លោកចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព បានអោយដឹងថា បច្ចេកវិទ្យាទូទាត់ថ្មីនេះ នឹងអាចជំរុញនិងពង្រឹងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាកាន់តែមានភាពងាយស្រួល ។
លោកថា៖«ទំហំអាជីវកម្មដែលបានកំពុងធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក បាកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយយើងមានបំណងចូលរួមចំណែកបន្ថែមទៀតនៅក្នុងដំណើរការលូតលាស់នេះ ។ ធនាគារហ្វីលីពមើលឃើញថា ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាគោលដៅថ្មីសម្រា់បការធ្វើអាជីវកម្ម ហើយធនាគារក៏មានបំណងចង់ក្លាយជាផ្នែកមួយនៃវិស័យនេះ តាំងពីដំបូងដៃ » ។
លោកស្រី Winnie Wong នាយិកាគ្រប់គ្រងក្រុមហ៊ុនម៉ាស្ទ័រកាត ប្រចាំតំបន់ឥណ្ឌូនចិន បានអោយដឹងផងដែរថា ប្រជាពលរដ្ឋនិងអាជីវកម្មនៅកម្ពុជា កំពុងតែមានទំនោរផ្ដោតខ្លាំងទៅរកផលិតផលឌីជីថលថ្មីៗចុងក្រោយ ដូចជាកាតនិម្មិតឥណពន្ធ ម៉ាស្ទ័រកាតជាដើម ។ កាតនេះគឺជាការចាប់ផ្ដើមជំហានដំបូងរបស់ធនាគារហ្វីលីពទៅក្នុងវិស័យទូទាត់តាមកាតអេឡិចត្រូនិក ហើយក៏ជាកិច្ចការដំបូងក្នុងភាពជាដៃគូរបស់ម៉ាស្ទ័រកាត ជាមួយនឹងធនាគារហ្វីលីពផងដែរ ។
លោកស្រីបន្តថា កាតនេះជាសក្ខីភាពបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការនាំមកនូវការទូទាត់បែបឌីជីថលដ៏ទាន់សម័យ ប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា ។
ជាការកត់សម្គាល់ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា នាពេលបច្ចុប្បន្ននេះ ឃើញថាការទូទាត់និងការចាយវាយ កាន់តែមានភាពទំនើប ដោយកាត់បន្ថយនូវការប្រើប្រាស់ក្រដាសប្រាក់កាន់តែច្រើន ជាពិសេសយុវវ័យសម័យថ្មី ហើយក៏ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលផងដែរ ៕