បណ្ដាអាជីវកម្មជាច្រើនចាប់ផ្ដើមរឹតបន្តឹងឡើងវិញទោះបីករណីឆ្លងថ្មីធ្លាក់ចុះ

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចំនួនអ្នកឆ្លងថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមធ្លាក់ចុះ ពីចំនួនជិត១ពាន់នាក់ក្នុងមួយថ្ងៃមកនៅត្រឹម៦០០ទៅ៧០០នាក់ក្នុងមួយថ្ងៃ  ប៉ុន្តែអាជីវកម្មជាច្រើន ដែលមានលក្ខណៈប្រមូលផ្ដុំចាប់ផ្ដើមរឹតបន្តឹងឡើងវិញ ពោលគឺអនុវត្តន៍ដូចកាលពីអំឡុងខែមេសា ខែ ឧសភាឡើងវិញ។

បណ្ដាហាងកាហ្វេ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមធ្វើអាជីវដោយវេចខ្ចប់ប៉ុណ្ណោះ មិនអនុញ្ញាតឱ្យភ្ញៀវចូលបរិភោគដូចមុនទៀតឡើយ គឺត្រូវអនុវត្តន៍ទៅតាមសេចក្តីសម្រេចថ្មី របស់សាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់នឹងការឆ្លងនិងចម្លងមេរោគកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ប្រភេទដែលតា ( Delta ) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្ចាស់អាហារដ្ឋាន ហាងកាហ្វេជាច្រើនក៏ចាប់ផ្ដើមធ្លាក់ទឹកចិត្ត និងរអ៊ូរទាំថាខ្លួននឹងបាត់ចំណូលដូចកាលពីអំឡុងខែមេសា និងឧសភាវិញហើយ ដែលកាលនោះ អាជ្ញាធរក៏បានតម្រូវឱ្យអាជីវកម្មទាំងនេះ លក់សម្រាប់តែវេចខ្ចប់ ដោយមិនអនុញ្ញាតឱ្យភ្ញៀវចូលពីសាធម្មតាបានឡើយ ។

អ្នកស្រីពេជ្រ ម្ចាស់អាហារដ្ឋានកំបូលបានឱ្យដឹងនាព្រឹកថ្ងៃទី៣០ កក្កដានេះថា កាលពីមុននេះ អាជ្ញាធរបានអនុញ្ញាតឱ្យភ្ញៀវចូលពីសាអាហារក្នុងហាង ទើបមានភ្ញៀវចូលមកពីសា និងធ្វើឱ្យចំណូលចាប់ផ្ដើមប្រសើរឡើងវិញបន្តិច ប៉ុន្តែស្រាបតែល្ងាចថ្ងៃទី២៩ កក្កដា២០២១អាជ្ញាធរបានចុះមកប្រាប់ថាចាប់ពីថ្ងៃទី៣០ កក្កដា ត្រូវអនុវត្តន៍លក់ដោយវេចខ្ចប់ប៉ុណ្ណោះ មិនអាចឱ្យភ្ញៀវចូលពីសាក្នុងហាងបានឡើយ ។ការលក់វេចខ្ចប់មិនសូវបានច្រើនប៉ុន្មាននោះទេ។

អ្នកស្រីបន្តថា “យើងមិនអាចប្រឆាំង ឬប្រកែកនឹងចំណាត់ការអាជ្ញាធរបានទេ ព្រោះនេះជាបញ្ជាពីខាងលើដែរ ហើយយើងមានតែអនុវត្តន៍តាម ដើម្បីទប់ស្កាត់កូវីដ១៩ តែយើងក៏ទ្រាំនឹងការបាត់បង់ប្រាក់ចំណូល និងពេលខ្លះសឹងតែរកប្រាក់ខែបើកជូនបុគ្គ​លិកថ្លៃឈ្នួលផ្ទះ និងការសិក្សារបស់កូនសឹងមិនបានដូចគ្នា”។

ម្ចាស់ហាងកាហ្វេមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិ៦ ក៏បាននិយាយផងដែរថា នៅពេលអាជ្ញាធរអនុញ្ញាតឱ្យភ្ញៀវចូលពីសាក្នុងហាង មានភ្ញៀវជាច្រើនបានចូលមកពីសានិងជជែកពីការងារ និងធ្វើការនៅក្នុងហាងកាហ្វេផងដែរ តែពេលអាជ្ញាធរចាប់ផ្ដើមរឹតបន្តឹងឡើងវិញ ច្បាស់ណាស់នឹងប៉ះពាល់ដល់ចំណូល អាចនិយាយបានថាបាត់ចំណូលស្ទើរតែពាក់កណ្ដាលទៅហើយ ។

លោកវន់ ពៅប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានឱ្យដឹងថា ការអនុវត្តន៍សេចក្ដីសម្រេចថ្មីនេះពិតណាស់ នឹងប៉ះពាល់ដល់ចំណូលរបស់ក្រុមអាជីវករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ហើយយើងក៏មានការសោកស្ដាយ ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឹកូវីដ១៩ នៅក្នុងប្រទេស នៅតែបន្តរាលដាលបែបនេះ។ យ៉ាងណាក្ដីយើងក៏លើកទឹកចិត្ត ដល់ក្រុមអាជីវករបន្តអនុវត្តន៍ ទៅតាមការណែនាំរបស់អាជ្ញាធរក្នុងការទប់ស្កាត់កូវីដ១៩ ក្នុងប្រទេសឱ្យបាន។

លោកបន្តថា “សម្រាប់អាជ្ញាធរក៏មានការយោគយល់ និងបន្ធូរបន្ថយមួយចំនួនផងដែរចំពោះវិធានការ ជាពិសេសវិធានការអនុវត្តន៍បម្រាមគោចរ គួរតែពន្យារពីម៉ោង១១យប់ដល់ម៉ោង៥ភ្លឺ ដើម្បីទុកពេលវេលាខ្លះឱ្យអាជីវកររកចំណូលពេលរាត្រី អាចលក់ដូរបានចំណូលខ្លះសម្រាប់ដោះស្រាយជីវភាព និងដោះស្រាយបំណុលធនាគារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here