ដោយៈតារា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា ក៏បានជំរុញអោយបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទំាងអស់ បង្កើនការអនុវត្តគោលនយោបាយផ្តល់កំចីបៃតង ដើម្បីទប់ស្កាត់ផលប៉ះពាលផ្នែកបរិស្ថានសង្គម និងការប្រើប្រាស់ប្រាក់កំចីចំគោលដៅ និងមានសុវត្ថិភាពមិនប៉ះពាលជីវភាពរស់នៅពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំតាមរយៈ ZOOMស្តីពីគោលនយោបាយ និងប្រព័ន្ធសុវត្ថិភាពសង្គម និងបរិស្ថានរបស់អន្តរធនាគារ និងហិរញ្ញាវត្ថុ លោកម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្នុងធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធររូបីយវត្ថុ និងក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យធនាគារឯកជននានា គឺយើងមានគោលដៅ និងគោលបំណងច្បាស់លាស់ ដើម្បីរក្សាភាពរឹងម៉ាំផ្នែកហិរញ្ញវត្ថុ ក្នុងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនារក្សាបានកិច្ចការពារអតិថិជន និងស្ថេរភាពហិរញ្ញវត្ថុ។
លោកបន្តថា “បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងគិតគូរខ្លាំងលើផ្នែកហានីភ័យដែលប៉ះពាល់លើផ្នែកហិរញ្ញវត្ថុ ជាពិសេស ហានីភ័យការផ្តល់ឥណទាន និងការធានានិរន្តភាព នៃគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ដូចជាអតិថិជន ដែលប្រើប្រាស់សេវារបស់គ្រឹះស្ថានទាំងអស់នោះ”។
ការលើកឡើងរបស់លោក ម៉ែន ភក្តី បានធ្វើឡើងខណៈអង្គការOXFAM និងអង្គការពាក់ព័ន្ធនានាទៀត ជម្រុញវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ផ្តល់ការគិតគូរផ្តល់ប្រាក់កំចីបៃតងជូនអតិថិជន ធ្វើការវិនិយោគ និងការប្រកបរបរផ្សេងៗ ដែលមិនប៉ះពាល់បរិស្ថានសង្គម និងចៀសវាងការខ្ចីខុសគោលដៅ នាំអោយប៉ះពាល់ដល់ជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ និងតំបន់អភិវឌ្ឍន៍នានា។
លោកបានថ្លែងថា បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការងារអប់រំផ្សព្វផ្សាយបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ បណ្តាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុនានាទាំងអស់ និងពលរដ្ឋនានាទៀតយល់ជ្រាបអំពី ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលមិនប៉ះពាល់បរិស្ថានសង្គម និងបានបង្កើតទីតាំងដោះស្រាយបណ្តឹងហិរញ្ញវត្ថុ នៅតាមធនាគារឯកជននានា និងក្នុងធនាគារជាតិនៃកកម្ពុជា ជូនអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុជាដើម។
ធនាគារជាតិនៃកម្ពុជា បង្កើតគម្រោងហិរញ្ញវត្ថុបៃតងនេះ សម្រាប់អនុវត្តដំបូងនៅឆ្នាំ២០១៨ ហើយរហូតដល់ឆ្នាំ២០២១នេះ ធនាគារជាតិគ្រោងជម្រុញពង្រីកអនុវត្តជាទូទៅ ប៉ុន្តែដោយសារស្ថានការណ៍កូវីដ១៩ ទើបយើងមិនទាន់អនុវត្តបាន ប៉ុន្តែនៅ២០២៣ ធនាគារជាតិគ្រោងនឹងបង្កើតជាគោលការណ៍ច្បាប់ ដើម្បីជម្រុញការអនុវត្តទាំងអស់គ្នា៕