ដោយៈ គៀតឈូ
ភ្នំពេញៈ យ៉ាងជាង១៥ខែបន្ទាប់ពីការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់ៗជាច្រើននៅលើពិភពលោកកំពុងជួបការលំបាក ក្នុងការហៅបុគ្គលិក ឱ្យវិលត្រឡប់ទៅកាន់ការិយាល័យធ្វើការវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន Bloomerg នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ចំនួនបុគ្គលិកនៅកន្លែងធ្វើការនៅទីក្រុងឡុងដ៍ ញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ នៅតែទាបជាងកម្រិតធម្មតា ៥០ភាគរយ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនGoogle ដែលតាមដានទីតាំងរបស់អ្នកប្រើប្រាស់។
ភស្តុតាងផ្សេងទៀតមកពីហ្វ្រែងហ្វើត សិង្ហបុរី និងហុងកុងបង្ហាញថា វិធានការរឹតត្បិត ដោយសារវិបត្តិកូវីដ១៩ បានផ្លាស់ប្តូរទម្លាប់របស់បុគ្គលិក និងបង្កើតបញ្ហាថ្មីៗ។
ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បានកាត់ផ្ដាច់នៅផ្នែកខ្លះនៃពិភពលោក និយោជកដូចជាក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន JPMorgan Chase & Co កំពុងរៀបចំដើម្បីជំរុញបុគ្គលិកទៅកាន់តុការងាររបស់ពួកគេក្នុងគោលបំណងដើម្បីថែរក្សាវប្បធម៌ការងាររបស់ពួកគេ ឬជំរុញប្រតិបត្តិការការងារតាមរយៈការហៅតាមកម្មពិធី Zoom។
ដំណើរការក្នុងការហៅបុគ្គលិកឱ្យមកធ្វើការវិញ នឹងមានភាពស្មុគស្មាញ ហើយភាគច្រើនពឹងផ្អែកលើកត្តានៅខាងក្រៅការគ្រប់គ្រងរបស់និយោជិក៖ ការចាក់វ៉ាក់សាំង និងការរីករាលដាលនៃជំងឺប្រភេទថ្មី ពិតជារឿងសារៈសំខាន់ ប៉ុន្តែការសំខាន់មួយទៀតផងដែរគឺលទ្ធភាពនៃការបើកឡើងវិញនៃការដឹកជញ្ជូន និងសាលារៀន។
អាជីវកម្មក៏ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង ដោយសារនិយោជិក ដែលពួកគេភាគច្រើន មានភាពបត់បែន ក្នុងការការងារពីចម្ងាយ។ ក្រុមហ៊ុន Google ក្រុមហ៊ុន American Express និងក្រុមហ៊ុន Unilever កំពុងអនុវត្តគោលការណ៍ ដែលនឹងអនុញ្ញាតឱ្យអ្នកធ្វើការ នៅខាងក្រៅ ការិយាល័យហោចណាស់មួយសប្តាហ៍ បើទោះវិបត្តិកូវីដ១៩ធូរស្រាល។
បើទោះពេលស្ថានភាពខុសគ្នារវាងទីក្រុង និងក្រុមហ៊ុន រឿងមួយច្បាស់គឺថា ការវិលត្រឡប់ទៅរកជីវិត ដូចកាលពីមុនជំងឺរាតត្បាត នៅតែមិនទាន់មានភាពច្បាស់លាស់ ហើយការផ្ទុះឡើងជាថ្មីអាចនឹងបន្តប៉ះពាល់បំផ្លាញផែនការការងាររបស់ក្រុមហ៊ុន៕