ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញបានព្យាករណ៍ថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានការស្ទុះងើបឡើងវិញ នៅដើមត្រីមាស១ ឆ្នាំ២០២០ ខណៈវិបត្តិវិស័យសុខាភិបាលសកល ដែលបង្កដោយជំងឺ COVID-19 បានធ្វើឱ្យពិភពលោកទាំងមូលធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ចសកល ហើយជះឥទ្ធិពលអវិជ្ជមានដល់ស្ទើតែគ្រប់វិស័យ។
អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតាបានប្រាប់គេទំព័រ cambodiafinancialtimes.com នៅថ្ងទី៣ ខែសីហា ឆ្នាំ២០២០នេះថា តិចឬច្រើន វិស័យអចលនទ្រព្យទាំងមូលនៅកម្ពុជា រងផលប៉ះពាល់ពីជំងឺរាតត្បាត COVID-19 ដែលជាវិបត្តិវិស័យសុខភាពសាកលនាពេលបច្ចុប្បន្ន តែវិស័យនេះនឹងមានកំណើនឡើងវិញនៅត្រីមាស១ ឬត្រីមាសទី២ ឆ្នាំ២០២១ ។
លោកស្រីបានបន្តថា “វិស័យអចលនទ្រព្យនៅតែជាបញ្ហានៅឡើយ វាអាស្រ័យទៅលើប្រទេសជិតខាង ព្រោះបច្ចុប្បន្នមានការដាក់កម្រិតលើ ជើងហោះហើរនៅខែកញ្ញាខាងមុខ” ។ លោកស្រីបន្តថា “សព្វថ្ងៃយើងមានជើងហោះហើរជាមួយចិន និងកូរ៉េ។ វាអាស្រ័យលំហូរវិនិយោគក្រៅប្រទេសដែរ ព្រោះយើងមិនអាចអាស្រ័យលើវិនិយោគក្នុងស្រុកទាំងស្រុងបាននោះទេ” ។
លោកស្រីបានឱ្យដឹងទៀតថា បើយើងចង់ឱ្យោមានកំណើនសេដ្ឋកិច្ច និងកំណើនផលិតផលសរុបក្នុងស្រុកសរុប វាត្រូវមានកត្តារួមផ្សំពីការវិនិយោគពីខាងក្រៅផងដែរ។ សម្រាប់ឆមាសទី២ឆ្នាំនេះ វាមិនការប្រែប្រួល ឬកំណើនឡើងគួរឱ្យកត់សម្គាល់នេះទេ ប៉ុន្តែវានឹងងើបឡើងវិញនៅក្នុងត្រីមាស ២ឆ្នាំក្រោយ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្មីៗនេះថា បន្ទាប់ពីមានកំណើននៃចំនួនអ្នកផ្ទុកជំងឺឆ្លងកាលពីពេលថ្មីៗនេះ បានជះឥទ្ធិពលសាជាថ្មី មកលើទីផ្សារអចលនទ្រព្យស្ទើរគ្រប់ប្រភេទ រាប់ទាំងផ្នែកទិញ-លក់ដីធ្លី សំណង់លំនៅឋាន ខុនដូ ក៏ដូចជា គម្រោងនៃការអភិវឌ្ឍនានា។
លោកឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “ជាមួយនឹងសញ្ញាថ្មីនៃរលកទី២របស់វិបត្តិជំងឺឆ្លងនៅពេលនេះ តាមដែលខ្ញុំមើលឃើញ ផ្នែកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺវិស័យដីធ្លី ដោយសារតែភាគច្រើនការវិនិយោគទៅលើដីធ្លី គឺតម្រូវចំណាយទុនច្រើន ហើយចំណាយពេលយូរ” ។
លោកឱ្យដឹងថា ដូច្នេះអ្នកវិនិយោគភាគច្រើន សុទ្ធតែរក្សាទុកនូវថវិកាក្នុងតំណាក់កាលនេះ រង់ចាំដល់ស្ថានការណ៍ល្អប្រសើរ ទើបចាប់ផ្តើមធ្វើសកម្មភាពវិនិយោគវិញ ឬឃើញមានដីតំបន់ណាដែលមានតម្រូវថវិកាខ្ពស់ និងលក់ក្នុងតម្លៃទាបខ្លាំងទើបពួកគេទិញ” ៕