ដោយៈលក្ខិណា
ភ្នំពេញៈ ក្នុងវិស័យអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យបានដើរតួនាទីជាអ្នកសម្របសម្រួលរវាងអ្នកលក់និងអ្នកទិញ ដែលបានធ្វើឱ្យសកម្មភាព នៃការទិញលក់ហាក់មានកំណើនជាងមុន។
លោកឧកញ៉ាចេង ខេង អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលបានមានប្រសាសន៍ដឹងថាភ្នាក់ងារអចលនទ្រព្យ គឺជាអ្នកសម្របសម្រួល ក្នុងការទិញលក់អចលនទ្រព្យ។ មិនតែប៉ុណ្ណោះ ភ្នាក់ងារអចលនទ្រព្យ ក៏ជាអ្នកវាយតម្លៃនិងបានដឹងពីតម្លៃអចលនទ្រព្យនៅតំបន់ណាមួយរួចទៅហើយ។
លោកបន្តថា “ដូច្នេះ សម្រាប់អ្នកចង់លក់ និងចង់ទិញអចលនទ្រព្យគឺអាចដាក់លក់និងទិញត្រូវនូវអ្វីដែលចង់បាន” ។ លោកថា “ជាទូទៅ អ្នកលក់តែងតែចង់បានតម្លៃខ្ពស់ ចំណែកអ្នកទិញតែងតែចង់បានតម្លៃទាប ដូច្នេះហើយទើបអចលនទ្រព្យដែលមិនឆ្លងកាត់ការវាយតម្លៃ លក់មិនងាយចេញដូចអចលនទ្រព្យដែលឆ្លងកាត់ការវាយតម្លៃ” ។
លោកឧកញ៉ាចេង ខេងបានបន្តថា ការធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យ ក៏អាចជួយរកអចលនទ្រព្យ សមតាមបំណងរបស់អ្នកទិញថែមទៀតផង ពីព្រោះក្រុមហ៊ុនខ្លះមានភ្នាក់ងារស្ទើរតែគ្រប់ខេត្តគ្រប់តំបន់ និងអាចជួយអ្នកទិញ និងអ្នកលក់ក្នុងការរៀបចំបែបបទឯកសារផ្លូវច្បាប់ជូនអ្នកទិញ និងអ្នកលក់ ដោយមិនមានទំនាស់គ្នា។
លោកឧកញ៉ាក៏បានប្រាប់ពីគន្លឹះ ដែលអាចឱ្យអ្នកទិញអចលនទ្រព្យបាន ក្នុងទីតាំងល្អនិងសមតាមបំណងផងដែរ ទី១គឺការត្រៀមថវិការួចរាល់ ក្នុងការដាក់កក់ចងអ្នកលក់ ព្រោះពេលខ្លះបើមិនមានថវិកាក្នុងដៃ សម្រាប់ទិញអចលនទ្រព្យនោះទេ ហើយរង់ចាំពេលក្រោយអ្នកទិញ នឹងបាត់ឱកាសក្នុងការក្លាយជាម្ចស់អចលនទ្រព្យ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមកបានបញ្ជាក់ថា បច្ចុប្បន្នកំណើនក្រុមហ៊ុនចុះបញ្ជី ជាភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមកើនឡើងម្ដងបន្តិចៗ ក៏ប៉ុន្តែក៏នៅមានក្រុមហ៊ុន និងភ្នាក់ងារជាច្រើនទៀតមិនទាន់មានអាជ្ញាប័ណ្ណ ក្នុងការធ្វើអាជីវកម្មជាភ្នាក់ងារអចនទ្រព្យ នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលតម្រូវឱ្យអ្នកស្វែងរកសេវាកម្មអចលនទ្រព្យ ត្រូវសម្លឹងរកអ្នកដែលមានអាជ្ញាប័ណ្ណនិងជំនាញច្បាស់លាស់៕