ដោយៈ ប៊ី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាល ខេត្តកោះ កុង បើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ពិធីសាងសង់កំពង់ផែដ៏ថ្មីស្រឡាងនេះ ប្រារព្ធឡើងនៅនៅព្រឹកថ្ងៃទី១៣ ខែឧសភា ២០២១នេះ ក្រោមវត្តមានលោកស្រីមិថុនា ភូថងអភិបាលខេត្តកោះកុង និងលោកម៉ក់ ស៊ីដេតអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
លោកអន ដាវុធប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុងបានថ្លែងថា គម្រោងសាងសង់កំពង់ផែថ្មីមួយនេះ ប្រភេទជាបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។
លោកបានបន្ថែមថា ផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េ កម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ។
គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រថ្មីបន្ថែមនេះ គ្រោងចំណាយថវិកាសរុបប្រមា ណ១.៥លានដុល្លារ ដោយប្រើប្រាស់២ឆ្នាំ ធ្វើយ៉ាងណាឱ្យបញ្ចប់នៅឆ្នាំ២០២២ ខាងមុខ។ ប្រសិនបើគ្មានបញ្ហារីករាលដាលជំងឺកូវីដ១៩ ម្ល៉េះគម្រោងកំពង់ផែថ្មីចាប់អនុវត្តទៅដោយរលូនហើយ៕