ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងជំនួបរវាងសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងបណ្ឌិតផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីបានប្ដេជ្ញា ក្នុងការពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្ដីពី ការជៀសវាការយកពន្ធត្រួតគ្នាឱ្យបានឆាប់។
នាយករដ្ឋមន្ត្រីទាំងពីរកម្ពុជា និងឡាវបានសម្ដែងការពេញចិត្តទៅវិញ ទៅមកចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាព សម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធ នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាវិស័យ នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវ ក្នុងការគ្រប់ គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដ៏ស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ជំនួយម៉ាសចំនួន២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយ ចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។
នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់ ក្នុងការពង្រឹងកិច្ចសហការរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជ មាននៃជំងឺនេះ។ ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅ ក្នុងក្របខណ្ឌកិច្ចសហប្រតិ បត្តិការពហុភាគីនានា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២០កន្លងទៅទទួលបានលទ្ធផលខ្ពស់ដែលមិនគួរឱ្យជឿ ទោះស្ថិតនៅក្នុងដំណាក់កាលនៃកូវីដ១៩ក៏ដោយ ជាក់ស្ដែងក្នុងឆ្នា២០១៩ កម្ពុជាឡាវ សម្រេចបានទំហំពាណិជ្ជកម្ម ប្រមាណតែ១០លានដុល្លារអាមេរិកប៉ុណ្ណោះ តែឆ្នាំ២០២០ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបានរហូតដល់១០៤លានដុល្លារអាមេរិកឯណោះ៕