តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយសារ អ្នកវិនិយោគរំពឹងថា ការបន្តរឹតបន្តឹងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលយូរ នឹងធ្វើឱ្យតម្រូវការអ្នកប្រើប្រាស់ និងឧស្សាហកម្មមានការថមថយចុះ។

តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ១២សេនមកនៅត្រឹម៨៣,៣៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0041 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៨សេន មកនៅត្រឹម៧៩,៧២ដុល្លារក្នុងមួយបារ៉ែល។

លោក Philip Jefferson អនុប្រធានធនាគារ Fed បានថ្លែងកាលពីថ្ងៃច័ន្ទថា វាលឿនពេកហើយ! យើងមិនទាន់អាចប្រាប់បានថា តើអតិផរណានឹងបន្តថយចុះក្នុងរយៈពេលវែងឬក៏យ៉ាងណានោះទេ ខណៈលោក Michael Barr អនុប្រធានម្នាក់ទៀតរបស់ធនាគារ Fed បានអះអាងថា គោលនយោបាយរឹតបន្តឹងរូបិយវត្ថុ ត្រូវការពេលវេលាបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤១%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ កិច្ចប្រជុំនៅខែវិច្ឆិកាខាងមុខ មានឱកាសខ្ពស់បំផុតនៃការបញ្ចុះអត្រាការប្រាក់។នេះបើយោងតាមសារពត៌មាន Reuters។

នៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៤,៦១ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលទស្សនៈវិស័យ និងពេលវេលាពិតប្រាកដនៃការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,៨៦ភាគរយ គិតត្រឹមម៉ោង១០:០៤នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៩៤ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៦ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៤៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here