លោក ប៉ាន សូរស័ក្តិ៖ កម្ពុជាបង្កើតគំនិតផ្ដួចផ្ដើមមួយចំនួនដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន

ដោយ៖ សូរិយា

សៀមរាប៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានគូសបញ្ជាក់ថា ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបង្កើតគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន។

គំនិតផ្តួចផ្តើមនោះមានដូចជាការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យា សម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។

លោករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) ក្រោមប្រធានបទ “ផ្លូវរបស់អាស៊ានឆ្ពោះទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្តរភាព” ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានគោលបំណងនាំយកអ្នកវិនិយោគ និងប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព ក្នុងតំបន់អាស៊ាន។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី ការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកកាលានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាល រួមមានដូចជា ការបង្កើតគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ការបង្កើតបញ្ជរតែមួយជាតិនិងចូលរួម ASEAN Single Windows និង ការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានបន្ដថ្លែងអំពីការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint 2025 ដែលមានដូចជា ផែនការមេ ICT អាស៊ាន២០២០ ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥ ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន និងផែនការសកម្មភាពយុទ្ធសាស្ដ្រអាស៊ានសម្រាប់ការអភិវឌ្ឍ SME ២០២៥ កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង Bandar Seri Begawan Roadmap។

លោករដ្ឋមន្ដ្រី បានថ្លែងអំពីសារសំខាន់កិច្ចសហការរវាងវិស័យរដ្ឋនិងភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការលើកស្ទួយបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចអាស៊ាន ប្រកបដោយបរិយាបន្ន និងនិរន្ដរភាព។

លោក ប៉ាន សូរស័ក្តិ បានគូសរំលេចដែរថា កិច្ចប្រជុំថ្ងៃនេះ ផ្តោតលើផ្លូវរបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព។ កិច្ចប្រជុំនេះ គឺជាវេទិកាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្ដល់នូវទស្សនទានល្អៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិស័យរដ្ឋ ឯកជន ក្នុងតំបន់អាស៊ាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here