ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំ៥ចំណុចលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរណ៍អំឡុងបុណ្យភ្ជុំបិណ្ឌ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងទេស​ចរណ៍បានចេញសេចក្តីណែនាំ៥ចំណុច លើការពង្រឹងគុណភាពសេវាកម្មផលិតផលទេសចរណ៍ និថចូលរួមទប់ស្កាត់ការរីករាលដាលមេរោអកូវីដ១៩។

យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំ៥ចំណុច ដើម្បីរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងពង្រឹងគុណភាព ផលិតផលទេសចរណ៍ ព្រមទាំងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញាខាងមុខ។

ទី១ ត្រូវបន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការណ៍ “៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី២ ត្រូវបន្តជំរុញឱ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានារៀបចំឲ្យមានកម្មវិធីលើកទឹកចិត្ត ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបានការចាក់វ៉ាក់សាំង តាមការកំណត់របស់ក្រសួងសុខាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។

ករណីមិនអនុវត្តតាមតារាង ដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទី៤ ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេរ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្រ្គោះចាំបាច់នានា។

ទី៥ ត្រូវរៀបចំឱ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឱ្យបានទូលំទូលាយ និងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឱ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here