ប្រទេសកម្ពុជារកចំណូលបានជិត១២លានដុល្លារអាមេរិកពីការលក់ឥណទានកាបូនក្នុងគម្រោងរេដបូក

ដោយ៖ សុផារី

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ ២០១៦មក ក្រសួងបរិស្ថានបានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ ដោយគម្រោងទាំង៣នេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូនចំនួនប្រមាណ១១,៦លានដុល្លារអាមេរិក។

នេះបើយោងតាមលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន” នាព្រឹកថ្ងៃទី៣០ ខែសីហានេះ។

លោកបានឱ្យដឹងថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ ទើបធ្វើឲ្យប្រទេសកម្ពុជា មានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឲ្យប្រទេសកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន (Carbon Credit) ក្នុងគម្រោងរេដបូក គម្រោងកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រេដបូក គឺជាយន្ដការហិរញ្ញវត្ថុនិរន្តភាព (Sustainable Financing Mechanism) ដើម្បីគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលសម្បូរទៅដោយព្រៃឈើ ទទួលបានថវិកាយកមកប្រើប្រាស់ក្នុងការការពារធនធានព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានក្នុងប្រទេសសាម៉ី និងការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុក្នុងសកលលោក។

យោងតាមលោក នេត្រ ភក្រ្តា ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថានបានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣រួមមាន គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់ ដែលគ្របដណ្ដប់ទៅលើផ្ទៃដីប្រមាណ១,២៧លានហិកតា ស្មើនឹង១៧,៦ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។ គម្រោងរេដបូកទាំង៣នេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ១១,៦លានដុល្លារអាមេរិក។

លោក នេត្រ ភក្រ្តា បានឲ្យដឹងទៀតថា “ក្រសួងបរិស្ថាន កំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន១,១៩លានហិកតា ដែលនឹងធ្វើឲ្យផ្ទៃដីគម្រោងរេដបូកសរុបនឹងមានចំនួន២,៤៦លានហិកតា ស្មើនឹង៣៤,១ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់”។

លោកថា “នេះគឺជារបត់ថ្មីដ៏សំខាន់មួយ ដែលប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូល មកជាប្រទេសទទួលបានប្រាក់ចំណូលពីការការពារ និងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោមទិសស្លោក “រក្សាឈើឈរ ដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ””៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here