ឥណទានប្រមាណ៥៧លានដុល្លារបានត្រូវផ្តល់ដល់ក្រុមហ៊ុនអាជីវកម្ម ដែលខ្វះទ្រព្យបញ្ចាំ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី“សក្តានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា” ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សាអំពីការជំរុញការប្រើប្រាស់គម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងចែករំលែកអំពីការផ្តល់កម្ចីដែលមានការធានា និងបទពិសោធន៍របស់ម្ចាស់អាជីវកម្ម ក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC បានថ្លែងក្នុងសិក្ខាសាលានាព្រឹកថ្ងៃទី១៨ សីហានេះថា សិក្ខាសាលានាថ្ងៃនេះ មានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ ការយល់ដឹងអំពីយន្តការធានាឥណទាន តាមរយៈការចែករំលែកបទពិសោធន៍ល្អៗ និងបំផុសគំនិតថ្មីៗពីភាគីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការ គម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដែលមានរយៈពេលជាងមួយឆ្នាំហើយ ដោយគិតមកត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម”។ លោកបន្តថា “ទោះបីជាទឹកប្រាក់៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here