ថៃក្លាយជាអ្នកនាំចេញជ័រកៅស៊ូកំពូលរបស់ពិភពលោក ខណៈមហាយក្សចិនជាឈ្មួញទិញធំបំផុត

សុខុម

បាងកក: ប្រទេសថៃ បានឈរនៅកំពូលតារាងនៃបណ្ដាប្រទេសនាំចេញកៅស៊ូក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ដោយនាំចេញជ័រកៅស៊ូបាន២,១៩លានតោនដែលគិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក។

លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មថៃ បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី១២ ខែសីហា ថា ផ្អែកតាមអាជ្ញាធរកៅស៊ូថៃ (Rubber Authority of Thailand) ការនាំចេញកៅស៊ូធម្មជាតិសរុបក្នុងឆ្នាំនេះត្រូវបានរំពឹងថានឹងឈានដល់៤,២៧លានតោន ដោយកើនឡើង៣,៤១%ធៀបនឹងឆ្នាំមុន។

លោកបានបន្ថែមថា ក្នុងឆមាសទី១ ឆ្នាំនេះ ប្រទេសថៃ បាននាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូគិតជាទឹកប្រាក់៤,៧៣ពាន់លានដុល្លារអាមេរិក។

លោក Alongkorn អនុប្រធានគណបក្សប្រជាធិបតេយ្យដែលជាប្រធានគណៈកម្មាធិការត្រួតពិនិត្យតម្លៃកៅស៊ូនៃក្រសួងកសិកម្ម និងសហករណ៍ថៃ បានគូសបញ្ជាក់ថា ស្ទើរតែពាក់កណ្តាល ឬ ៤៩% នៃការនាំចេញសរុបគឺទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំបំផុតសម្រាប់ផលិតផលកៅស៊ូ និងជ័រកៅស៊ូរបស់ប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមតួលេខបង្ហាញថា ចន្លោះពីខែមករា និងខែមិថុនា ប្រទេសចិន បាននាំចូលកៅស៊ូធម្មជាតិ និងសំយោគពីប្រទេសថៃ ចំនួន១,៤២លានតោន ដោយកើនឡើង៥,៣៧%បើធៀបនឹងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here