អូស្រ្តាលីបានវិនិយោគទឹកប្រាក់១៣០លានដុល្លារអូស្រ្តាលីលើផលិតកម្មស្រូវនិងធ្វើពិពិធកម្មវិស័យកសិកម្ម

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ យោងលើរបាយការណ៍របស់ស្ថានទូតអូស្រ្តាលីបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន១៣០លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC)។

ការវិនិយោគនេះ ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រា​ប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា ក្នុងគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករ និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជ កម្ម និងការប្រកួតប្រជែង។

កម្មវិធី CAVAC នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ ប៉ុន្តែនេះមិនមែនជាការបញ្ចប់ នៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជាឆ្ពោះទៅមុខនោះទេ។ កម្មវិធីថ្មី – ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងទំហំទឹកប្រាក់១០៧លានដុល្លារអូស្ត្រាលី នឹងបន្តគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនភាពធន់របស់កម្ពុជា ទាក់ទងនឹងវិស័យកសិកម្ម/ ការកែច្នៃកសិផល ពាណិជ្ជកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ និងសង្គមប្រកបដោយបរិយាបន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងក្នុងជំនួប រវាងរដ្ឋមន្ត្រីក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន និង លោកPablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានជួបពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។

លោកវេង សាខុនបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយលើកស្ទួយវិស័យកសិកម្មកម្ពុជា និងប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះអង្ករហូប ទៅជាប្រទេសដែលមានអតិរេកអង្ករ និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់អង្ករល្អលេខ១ លើកពិភពលោក៣ឆ្នាំជាប់គ្នាផងដែរ។

លោករដ្ឋមន្ត្រីក៏បានស្នើសុំអោយភាគីអូស្ត្រាលី ជួយពិនិត្យនិងគាំទ្រ ជំរុញកិច្ចសហការ ជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវ ចែកចាយជូនកសិករនៅទូទាំងប្រទេស ក្រោយពេលដែលវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានផលិតពូជគ្រឹះរួចហើយនោះ ស្នើបង្កើតកម្មវិធីកម្មសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការ បច្ចេកទេសផ្សេងទៀតរួមទាំងការកែច្នៃផលិតផលកសិកម្មផងដែរ សម្រាប់គម្រោងកម្មវិធីថ្មី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅចុងឆ្នាំ២០២២ខាងមុខនេះ។

ចំពោះគម្រោងកិច្ចសហប្រតិបត្តិការថ្មី លោកវេង សាខុនសង្ឃឹមថា គម្រោងថ្មីស្តីពី ភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹងជួយជំរុញវិស័យកសិកម្មកម្ពុជា អោយរីកចម្រើនកាន់ខ្លាំងថែមទៀត។

ក្នុងជំនួបនេះ លោកPablo Kang ឯកអគ្គរដ្ឋទូត ក៏បានប្រគល់រថយន្តដែលបានប្រើប្រាស់ ក្នុងគម្រោង CAVAC Phase2 ចំនួន៤ គ្រឿងទៅអោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI ដើម្បីយកប្រើប្រាស់ក្នុងការស្រាវជ្រាវបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here