កម្ពុជាប្រមូលចំណូលសួយសាអាករបានជាង៧លានដុល្លារអាមរិកពីរោងចក្រផលិតស៊ីម៉ងត៍ធំៗចំនួន៥

ដោយ៖ សហការី

ភ្នំពេញ៖ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងថា ក្នុងមួយឆ្នាំក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥នៅកម្ពុជា ផលិតស៊ីម៉ងត៍បាន៩លានតោន ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក និងប្រមូលចំណូលសួយសារអាករប្រមាណ៧លានដុល្លារចូលថវិកាជាតិ។

លោកបានថ្លែងយ៉ាងនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល”រៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

លោកបានលើកឡើងថា “បច្ចុប្បន្នមានរោងចក្រស៊ីម៉ងត៍ចំនួន៥ កំពុងដំណើរការនៅកម្ពុជា ដោយក្នុងចំណោម៥ក្រុមហ៊ុនមាន៤ក្រុមហ៊ុន មានទីតាំងស្ថិតក្នុងខេត្តកំពត និងមួយទីតាំងទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង។

លោកបន្តថា​ រោងចក្រទាំង៥ ដែលកំពុងដំណើរការនេះ បានផលិតស៊ីម៉ងត៍ បម្រើលើវិស័យសំណង់ក្នុងស្រុក ប្រមាណជា៩លានតោនក្នុងមួយឆ្នាំ។ ចំណែកចំណូលសួយសារអាករប្រមូលបានពី វិស័យស៊ីម៉ងត៍ មានប្រមាណ៧លានដុល្លារក្នុងមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ដែលកំពុងដំណើរការនៅកម្ពុជារួមមាន៖

១៖ រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

២៖ រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។

៣៖ រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ ហើយដែលបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ២០១៨។

៤៖ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) នៅទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ផលិតបានជិត២លានតោនក្នុង១ឆ្នាំ ហើយដែលបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែឧសភា ឆ្នាំ២០១៨។

៥៖ រោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជិត១លានតោនក្នុងមួយឆ្នាំ ហើយដែលបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here