កម្ពុជាគ្រោងនាំចេញផលិតផលសំបុកត្រចៀកកាំទៅប្រទេសចិន នាពេលឆាប់ៗ

ដោយ៖ សុផារី

ភ្នំពេញ៖ មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center សហការជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd កំពុងរៀបចំផែនការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រមូលទិញ និងកែច្នៃសំបុកត្រចៀកកាំនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសចិន នាពេលឆាប់ៗ។

នេះបើយោងតាមការលើកឡើងលោក វេង សាខុន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី “ការនាំចេញ ផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានលើកឡើងថា ទឹកមាត់ត្រចៀកកាំកម្ពុជាកន្លងមក ផលិតសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតួចនិងក្រៅផ្លូវការ។ ឯកសារ MOU ដែលចុះហត្ថលេខានេះ នឹងជួយបើកទីផ្សារចិន ដែលជាទីផ្សារធំជាងគេ ឱ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដារផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ ឆ្លើយតបបានតាមលក្ខខណ្ឌ តម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ដ្រី ក៏បានសាទរ និងបង្ហាញឆន្ទៈគាំទ្រលើដំណើរការនៃការអនុវត្តខ្លឹមសារ MOU របស់ភាគីទាំងពីរ រួមជាមួយភាគីពាក់ព័ន្ធក្នុងនោះក៏មានអ្នកចិញ្ចឹមផងដែរ។ ឆ្លៀតយកឱកាសនេះ លោកបានអំពាវនាវដល់អ្នកចិញ្ចឹមត្រចៀកកាំ ទាក់ទងអគ្គនាយកដ្ឋានកសិកម្មដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមតាមរយៈលោក កែ មុន្ធិវុធ ប្រធាននាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ។

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា តាមស្ថិតិរបស់រដ្ឋបាលព្រៃឈើ ក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទះត្រចៀកកាំចំនួន៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះ ពី ១តោនទៅ១,៥តោនក្នុងមួយខែ។ សំបុកត្រចៀកកាំ ទើបប្រមូលផល មានតម្លៃចាប់ពី៧០០ ទៅ ៩០០ដុល្លារក្នុងមួយគីឡូក្រាម និងសំបុកត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១៥០០ ទៅ ២០០០ដុល្លារក្នុងមួយគីឡូក្រាម។

មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជាតំណាង មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian កំពុងសហការជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែនការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រមូលទិញ និងកែច្នៃសំបុកត្រចៀកកាំនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសចិន និងមានបំណងផ្តល់កិច្ចសហការ ជួយកម្ពុជាក្នុងការរៀបចំឯកសារចរចាបើកទីផ្សារនេះ រួមទាំងធ្វើជាអន្តរការីសម្របសម្រួលការងារនេះ ជាមួយ GACC ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here