USAIDរបស់អាមេរិករំពឹងបង្កើនទុនវិនិយោគ១៥៣លានដុល្លារនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ របស់អាមេរិក(USAID) នឹងវិនិយោគទឹកប្រាក់១៥៣លានដុល្លារនៅកម្ពុជា តាមរយៈគម្រោង​កម្ពុជា​ហាវែស III(Harvest III)ក្នុងរយៈពេល៥ឆ្នាំ ដើម្បីលើកកំពស់ផលិតភាពកសិកម្ម។

កម្មវិធី Feed the Future Cambodia Harvest III (Harvest III) ក្នុង​រយៈពេល ៥ ​ឆ្នាំនេះ គឺ​ចាប់ផ្តើម​ពី​ខែមេសា ឆ្នាំ ​២០២២ ដល់​ខែមីនា ឆ្នាំ​ ២០២៧ នឹង​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ ជាមួយ​ផ្នែក​ឯកជន​រាប់រយ​ក្រុមហ៊ុន​ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​ដៃគូ​ផ្នែក​ឯកជន​។

ទីភ្នាក់ងារ USAID រំពឹងថា​នឹង​ជួយ​ផ្នែក​ឯកជន ​ឱ្យ​បង្កើន​ទុនវិនិយោគ​ប្រមាណ៣៨​លាន​ដុល្លារ​។ ទឹកប្រាក់​សម្រាប់​ហិរញ្ញប្បទាន​ ទាក់ទង​នឹង​វិស័យ​កសិកម្ម១៥ លាន​ដុល្លារ និង​ការលក់​នៅតាម​កសិដ្ឋាន​នានា​ និង​ផ្នែក​ឯកជន​ចំនួន១០០​លាន​ដុល្លារ​។ Harvest III នឹង​ធ្វើការ​ជាមួយ​អ្នកផលិត និង​សមាគម​អ្នក​ផលិត​ កសិពាណិជ្ជកម្ម​ អ្នកផ្តល់​សេវាកម្ម និង​បច្ចេកវិទ្យា​ស្ថាប័នហិរញ្ញវត្ថុ និង​អ្នក​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Harvest III មាន​គោលដៅ​ចំនួន២ ​ទី​១ ពង្រឹង​ប្រព័ន្ធ​ទីផ្សារ​កសិ​កម្ម​ប្រកប​ដោយ​និរន្តរភាព និង​បរិយាប័ន្ន តាមរយៈ​ការបង្កើន​ការវិនិយោគ​ពី​ផ្នែក​ឯកជន​ ដើម្បី​ពង្រឹង​ភាពធន់​នឹង​អាកាសធាតុ និង​ប្រព័ន្ធ​ទីផ្សារ​កសិកម្ម ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​។ នៅក្នុង​នោះ​គម្រោង​ក៏​ជួយ​ពង្រឹង​សមត្ថភាព​បច្ចេកទេស និង​អាជីវកម្ម​របស់​កសិដ្ឋាន និង​ក្រុមហ៊ុន​ឯកជន កសិករ សហគ្រិន​ស្ត្រី និង​យុវជន ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ពួកគេ​។

គោលដៅ​ទី​២ ​ពង្រឹង​ទំនាក់​ទំនង និង​ការជឿ​ទុកចិត្ត​នៅក្នុង​ចំណោម​តួអង្គ​ទីផ្សារ សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដោយ​ត្រូវ​បង្កើន​លទ្ធភាព​ទទួល​បាន​ទីផ្សារ​ផលិតផល និង​សេវាកម្ម​កសិកម្ម រួមទាំង​ស្ត្រី និង​អាជីវកម្ម​គ្រប់គ្រង​ដោយ​យុវជន និង​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ចំណីអាហារ និង​ការតាមដាន​ផលិតផល​កសិកម្ម តាមរយៈ​បង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា​។

លោកស្រីប៊ុន សៀង ប្រធាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ​បាន​និយា​យថា ក្រុមហ៊ុន​លោកស្រី​ ទទួល​បាន​មូលនិធិ​ប្រមាណ៥​ម៉ឺន​ដុល្លារ ពី Harvest II ដែល​ទើបបាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​លោកស្រី​បាន​ប្រើប្រាស់​មូលនិធិ​នេះ ​បាន​ជួយ​ដល់​ការផ្សារភ្ជាប់​ទីផ្សារ​ ជាមួយ​កសិករ​កាន់​ច្រើន បង្កើន​គុណភាព និង​ស្តង់ដា​បន្លែ សម្រាប់​អ្នក​បរិភោគ​។

លោកស្រី​ប្រាប់​ថា​ ​“បញ្ហា​ប្រឈម​របស់​អ្នក​ដាំ​បន្លែ​ នាពេលនេះ​គឺ​កត្តា​អាកាសធាតុ”​។ លោកស្រីបន្តថា “យើង​រំពឹងថា គម្រោង Harvest III នេះ​នឹង​អាចជួ​យ​ដល់​ពួកយើង ​ក្នុង​ការដោះស្រាយ​បញ្ហា​ បម្រែបម្រួល​អាកាសធាតុ ដោយ​អាច​ឱ្យ​យើង​បន្ត​ដាំបន្លែ ​សុវត្ថិភាព​បាន​គ្រប់​រដូវ​ ដើម្បី​តម្រូវការ​ទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here