ទំហំពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជិត១.៤០០លានដុល្លារអាមេរិក

  ដោយៈ លក្ខិណា

ភ្នំពេញៈ ទំនាក់ទំនងពាណិជ្ជកម្ម នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅតែមានស្ថានភាពល្អប្រសើរ និងកាន់តែប្រសើរនៅក្នុងឆ្នាំនេះ។

ជាក់ស្ដែងក្នុងឆមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្ម នៃតំបន់សេដ្ឋកិច្ចពិសេសនេះ សម្រេចបានទំហំទឹកប្រាក់ជិត១៤០០លាន ដុល្លារអាមេរិកកើនឡើង៣៨,២៣ភាគរយ។ នេះបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងតំបន់នេះ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុំបណ្ដាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី២៨ កក្កដា ២០២២នេះលោកឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបាន១ ៣៧៤លានដុល្លារអាមេរិក បានកើនឡើង៣៨,២៣ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រពីសំណាក់ប្រមុ​ខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគ ដែលបានមកធ្វើការបណ្តាក់ទុន​នៅក្នុងប្រទេសកម្ពុជា”។ លោកបន្តថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុន នឹងបង្កើតរោងចក្រផលិតកង់កៅស៊ូ រថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារ។

លោកប្រធានបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ ខាងក្រុមហ៊ុនមានរៀបចំពិព័រណ៍ ផ្លូវសូត្រពាណិជ្ជកម្ម ដោយក្នុងនោះ ប្រទេសចិននឹងទទួលយកកសិផល មួយចំនួនរបស់កម្ពុជាទៅកាន់ប្រទេសចិន ជាមួយនឹងនេះ ក្រុមហ៊ុនបានសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរការងារ និងបណ្តុះបណ្តោះវិជ្ជាជីវៈខេត្តព្រះសីហនុ ផ្តល់សេវាថែមទាំសុខភាព ជាពិសេ​សសម្រាប់បងប្អូនកម្មការិនីមានផ្ទៃពោះ ព្រមទាំងបានសាងសង់អាគារស្នាក់នៅ បង្កលក្ខណៈងាយស្រួលជូនដល់កម្មករ និយោជិត ដែលធ្វើការនៅក្នុងតំបន់នេះថែមទៀត។

លោកបណ្ឌិតអ៊ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាក នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំនេះយ៉ាងនេះក្តី។

លោកបន្តថា ការរក្សាបាននូវភាពរឹងមាំនៃការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន។ ក៏ជាផ្នែកមួយនៃគម្រោងខ្សែច្រវ៉ាក់ និងផ្លូវ បានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍ នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿន ក៏ជាស្នួលនៃការអភិវឌ្ឍ ដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួ​លដល់ការធ្វើដំណើរឲ្យបានឆាប់រហ័សផងដែរ។

លោករំពឹងថា ការបង្កើតរោងចក្រផលិត កង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here