មជ្ឈមណ្ឌលឧស្សាហកម្មគ្រឿងបន្លាស់រថយន្តដំបូងគេបង្អស់មួយគ្រោងសាងសង់នៅក្នុងខេត្តកណ្តាល

ដោយៈ សុផារី

កណ្តាលៈ មជ្ឈមណ្ឌលឧស្សាហកម្ម គ្រឿងបន្លាស់រថយន្តដំបូងគេបង្អស់មួយ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក គ្រោងសាងសង់ និងលេចរូបរាងឡើង នៅក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ។

គម្រោងមួយនេះ ជាការសហការរវាងវេទិកាអាស៊ាន-កូរ៉េ និងក្រុមហ៊ុនកូរ៉េសំរាង (Samrang Korea Co., Ltd.) ដែលគ្រោងនឹងជំរុញការកសាងមជ្ឈមណ្ឌល ឧស្សាហកម្មគ្រឿងបន្លាស់នេះ តាមរយៈការអភិវឌ្ឍន៍ឯកជន ហើយរំពឹងថានឹងបង្កើតការងារដល់ប្រជាជន ក្នុងមូលដ្ឋានប្រមាណជា១.៩០០នាក់។

គម្រោងឧស្សាហកម្មគ្រឿងបន្លាស់រថយន្តមួយនេះ គឺជាគម្រោងឧស្សាហកម្ម ផ្នែកគ្រឿងបន្លាស់រថយន្តដំបូងគេរបស់កម្ពុជា ដែលតំណាងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ឈានមុខគេរបស់ប្រទេសកូរ៉េជាច្រើនបានចូលរួមអភិវឌ្ឍ រួមមាន ក្រុមហ៊ុន Mijin Co., Ltd. (មានលោក Yang Won-mo ជា CEO) និង BP Co., Ltd. (មានលោក Jeong Dong-hoon ជា CEO)។

មជ្ឈមណ្ឌលឧស្សាហកម្ម នេះនឹងសាងសង់នៅលើផ្ទៃដី៤០៩.៤៩៣ម៉ែត្រការ៉េ ដើម្បីផលិត និងលក់ផលិតផលគ្រឿងបន្លាស់រថយន្ត ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា និងជាមូល   ដ្ឋាននាំចេញសម្រាប់គ្រឿងបន្លាស់រថយន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងប្រទេសកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មជាច្រើន ដូចជា ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងកាបូប ដែលពឹងផ្អែកលើកម្លាំងពលកម្ម អាចជំរុញឧស្សាហកម្មរថយន្ត ដែលត្រូវបានគេហៅថា “ផ្កានៃឧស្សាហកម្ម” ហើយជាគម្រោងចាំបាច់ សម្រាប់ការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជា។

នៅពេលដែលមជ្ឈមណ្ឌលឧស្សាហកម្មនេះ ត្រូវបានបញ្ចប់ការសាងសង់ ទីផ្សារការងារថ្មីនឹងត្រូវបានបង្កើតឡើង ហើយបច្ចេកវិទ្យាទំនើបៗនឹងត្រូវបានផ្ទេរទៅឱ្យកម្មករ ដែលកំពុងធ្វើការក្នុងមជ្ឈមណ្ឌលឧស្សាហកម្មខាងលើ តាមរយៈការអប់រំថ្មី ដែលនឹងអភិវឌ្ឍឧស្សាហកម្មរថយន្តកម្ពុជា។

ជាពិសេស មជ្ឈមណ្ឌលឧស្សាហកម្មយានយន្តនេះ មិនត្រឹមតែផលិតគ្រឿងបន្លាស់រថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតខ្សែបណ្តាញរថយន្តទំហំតូច ដែលមានតម្លៃសមរម្យ និងអាចពន្លឿនយុគសម័យនៃ ‘រថយន្តដែលសក្តិសមសម្រាប់ប្រជាជនកម្ពុជាទូទៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here