ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុន Swire ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានប្រកាសឈានជើងចូលទីផ្សារកម្ពុជា និងវៀតណាម។
វាជាក្រុមហ៊ុនផលិត សំបកដបភេសជ្ជៈយីហោលី្បៗនៅអាមេរិក និង ជាអ្នកផលិតសំបកដបកូកា-កូឡាធំជាងគេលំដាប់ទី៥នៅលើពិភពលោក។
កាលពីពេលថ្មីៗនេះ Swire ដែលនៅហុងកុងបានប្រកាសបោះទុន ១,០១ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកទីផ្សារផលិតសំបកដបកូកាកូឡានៅកម្ពុជា និងវៀតណាម។
លោក Patrick Healy ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Swire និងជាប្រធានក្រុមហ៊ុន Coca-Cola បានបញ្ជាក់ថា “ការពង្រីកទីផ្សារនេះ គឺជាយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដើម្បីពង្រីកទំហំបរិមាណ និងប្រាក់ចំណូលជាសកលនៃអាជីវកម្មផលិតដបរបស់យើង”។
យោងតាមរបាយការណ៍របស់ Swire នៅហុងកុង បានង្ហាញថាប្រាក់ចំណេញ ក្រោយបង់ពន្ធនៃប្រតិបត្តិការ ផលិតសបកដបកូកា-កូឡានៅវៀតណាមមានចំនួន៣២លានដុល្លារ ខណៈនៅកម្ពុជាមានចំនួន៣,៨ លានដុល្លារ។
ក្រុមហ៊ុននេះបានមើលឃើញថា កម្ពុជា និង វៀតណាម គឺជាប្រទេសដែលមានចំណង់ចំណូលចិត្ត ប្រភេទភេសជ្ជៈនេះធំជាងគេ ក្នុងទីផ្សារអាស៊ីអាគ្នេយ៍៕