ក្រសួងពាណិជ្ជកម្មរកចំណូលចូលថវិកាជាតិបានជាង ១២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថាក្រសួងពាណិជ្ជកម្ម បានកៀរគរចំណូលចូលថវិកាជាតិ បានប្រមាណជាង៥២,២៨ពាន់លានរៀល ឬប្រមាណជាង១២លានដុល្លាររយៈពេល៦ខែក្នុងឆ្នាំ២០២២នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម” នៅថ្ងៃទី២១ ខែកក្កដា លោក ប៉ែន សុវិជាតិ បានលើកឡើងថា ក្រៅពីការសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងស្វែងរកទីផ្សារសម្រាប់ផលិតផល ក្រសួងពាណិជ្ជកម្មក៏ជាក្រសួងរកចំណូលបំពេញថវិកាជាតិផងដែរ។

ក្នុងរយៈពេល៥ឆ្នាំកន្លងកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណ៤៩៧.៤៨ពាន់លានរៀល ឬប្រមាណជាង១២០លានដុល្លារអាមេរិក ស្មើនឹង១០៦,៦%នៃផែនការថវិកា។

លោកបញ្ជាក់ថា ចំណូលទាំងនេះបានមកពីការផ្តល់សេវាសាធារណៈ ការផាកពិន័យពីចុះបញ្ជីពាណិជ្ជកម្មនៃការធ្វើអាជីវកម្មផ្សេងៗ និងការផាកពិន័យរបស់អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រួមនឹងការរៀបចំការតាំងពិព័រណ៍ផ្សេងៗ និងសេវាកម្មផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា “ក្រសួងពាណិជ្ជកម្ម ជាក្រសួងដែលរកចំណូល មិនមែនជាក្រសួងដែលចំណាយតែមួយមុខទេ។ យើងបំពេញចំណូលថវិការដ្ឋជារៀងរាល់ឆ្នាំ”។

ក្នុងឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម រកចំណូលបាន២២០,២៦ពាន់លានរៀល ឆ្នាំ២០១៩ បានជាង១១៣ពាន់លានរៀល ឆ្នាំ ២០២០ ទទួលបានចំណូលជាង៥២,៨៧ពាន់លានរៀល និងឆ្នាំ២០២១ ទទួលបាន៥៨,៩០ប៊ីលានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here