បាត់ដំបងកំពុងរៀបចំផែនការទាក់ទាញភ្ញៀវទេសចរទៅសម្រាក កម្សាន្តបន្ថែម

 ដោយៈ លក្ខិណា

បាត់ដំបងៈ ស្របពេលភ្ញៀវទេសចរណ៍ ក្នុងស្រុកចាប់អារម្មណ៍និងទៅកម្សាន្តនៅខេត្តបាត់ដំបងច្រើន ហើយវិនិយោគិនអចលនទ្រព្យ ក៏បានចាប់អារម្មណ៍លើការវិនិយោគនិងអភិវឌ្ឍន៍ ក្នុងខេត្តមួយនេះក៏ច្រើនដែរនោះ រដ្ឋបាលខេត្តបាត់ដំបង បានជំរុញឱ្យមន្ត្រីរបស់ខ្លួនរៀបចំកែប្រែ សោភណ្ឌភាព ដើម្បីទាក់ទាញទេសចរ និងវិនិយោគិនបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំ ដល់មន្ត្រីរបស់ខ្លួនកាលពីថ្ងៃទី១៤កក្កដា ២០២២ លោកសុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនទៅកាន់ខេត្តបាត់ដំបង បន្ថែ​មទៀតនោះ មន្ត្រីយើងត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងជាមុនអំពីការរៀបចំសោភណ្ឌភាព សណ្ដាប់ធ្នាប់ ការរៀបចំកាត់សំយ៉ាបផ្ទះ មុននឹងឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមរៀបចំសំយ៉ាបផ្ទះ ទៅតាមប្លង់គំរូរបស់រដ្ឋបាលខេត្ត ជាពិសេសផ្ទះប្រជាពលរដ្ឋ នៅក្នុងតំបន់អភិរក្សផ្ទះបុរាណ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តខេត្តបាត់ដំបងឱ្យបានច្រើន ដើម្បីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។

លោកបានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ត្រូវពិនិត្យដោះស្រាយសំណង់អាណាធិបតេយ្យ ដែលមាននៅក្នុងក្រុង ដើម្បីធ្វើការរៀបចំប្រជាពលរដ្ឋ ដែលរស់នៅសំណង់អាណាធិបតេយ្យទៅកន្លែងផ្សេង ដែលមានការរៀបចំ ជូនពួកគាត់ឱ្យមានរបៀបរៀបរយ បើពុំដូចនោះទេ ក្រុងបាត់ដំបង នឹងក្លាយជាទីក្រុង សំបូរទៅដោយសំណង់អាណាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ពេញទីក្រុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ លូបានបន្តទៀតថា នៅថ្ងៃអនាគតរដ្ឋបាលខេត្ត នឹងបន្តសាងសង់ និងជួសជុលក្រាលកៅស៊ូបន្ថែមទៀត ប៉ុន្តែត្រូវរង់ចាំដំណើរការសាងសង់លូរំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់ADB ឱ្យរួចរាល់សិន ទើបយើងអាចបន្តការសាងសង់ ជួសជុលការក្រាលកៅស៊ូជាបន្តបន្ទាប់ ព្រោះបើមិនដូច្នេះទេ កាលណាយើងជួសជុលរួចហើយ ហើយចាប់ផ្ដើមធ្វើលូតាមក្រោយទៀត វាធ្វើឱ្យកាន់តែខាតពេលវេលា និងថវិកាកាន់តែច្រើន។

លោកកែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបងបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អ្នកវិនិយោគនៅក្នុងខេត្តបាត់ដំបងភាគច្រើន ផ្ដោតលើវិស័យទេស​ចរណ៍ ដូចជាអភិវឌ្ឍន៍រមណីយដ្ឋាន កន្លែងជិះឡូរី កន្លែងវាយកូនហ្គោល និងមានការអភិវឌ្ឍដីឡូត៏ ផ្ទះល្វែង ហើយក៏បានជំរុញឱ្យសកម្មភាពទិញលក់ដីធ្លីនៅក្នុងខេត្តបាត់ដំបង កាន់តែមានសន្ទុះថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here