ព្រឹត្តិការណ៍ធំៗចំនួនពីរធ្វើឲ្យកម្ពុជារំពឹងទាក់ទាញទេសចរអន្តរជាតិ២លាននាក់នៅឆ្នាំ២០២៣  

ដោយៈ សុផារី

ភ្នំពេញៈ ភ្ញៀវទេសចរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២នេះ បានបង្ហាញសញ្ញាល្អប្រសើរ ដោយក្នុងមួយថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ មួយថ្ងៃជាង៥៦០០ពាន់នាក់។

តាមការទិន្នន័យរបស់ក្រសួងទេសចរណ៍ ពេញមួយឆ្នាំ២០២២នេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាននាក់ និងប្រមាណ២លាននាក់ នៅឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ នេះបើតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីបទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី១៤ ខែកក្កដានេះ។

លោកថោង ខុន បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥០ម៉ឺននាក់ កើនឡើង៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

បើតាមលោករដ្ឋមន្ត្រី ប្រភពទេសចរបរទេស ដែលចូលមកក្នុងកំឡុងពេលនេះ មានប្រភពមកពីប្រទេសថៃ វៀតណាម ចិន អាមេរិក ឥណ្ឌូនេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងអូស្រ្តាលី ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសា​សន៍ថា ប្រទេសកម្ពុជាជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា។

សម្តេចបានថ្លែងបន្តថា កាលពីខែមីនា ឆ្នាំ២០២២ កម្ពុជាក៏បានសម្រេចបើកការធ្វើដំណើរតាម ច្រកទ្វារអន្តរជាតិឡើងវិញ និងផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) និងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផលPCR តេស្តអវិជ្ជមាន និងមិនតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់ ដោយគ្រាន់តែបង្ហាញបណ្ណ ឬព័ត៌មាននៃការចាក់វ៉ាក់សាំងគ្រប់ដូស។

សម្តេចបានផ្តល់អនុសាសន៍ឱ្យពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់ នូវអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ការតភ្ជាប់ចូលមកកម្ពុជា ពីប្រភពទីផ្សារទេសច​រណ៍សំខាន់ៗ នៅក្នុងតំបន់ និងសកលលោក។

សម្តេចបានមានប្រសាសន៍ថា “ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខ្ញុំស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ ទស្សនាកម្ពុជាឆ្នាំ ២០២៣ (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា”។ សម្តេចបន្តថា “សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយុទ្ធនាការ  “កម្ពុជាស្អាត” និង “ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ និងបដិសណ្ឋារកិច្ចល្អ”  ដើម្បីលើកកម្ព​ស់មុខមាត់កម្ពុជាផង  និងអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ី ហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ផង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here