រដ្ឋាភិបាលរកចំណូលបានជិត១០លានដុល្លារអាមេរិក ពីការលក់ផ្លាកលេខពិសេសក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ ឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) ចំនួន១៩.៧៦៦លេខ ទទួលចំណូលថវិកាប្រមាណ៤០.៦៤១.១៨៧.៤០០រៀល (ប្រមាណ៩,៩លានដុល្លារអាមេរិក) កើនឡើង២៥% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

យោងតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការបានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) សរុបបានចំនួន១៩.៧៦៦លេខ ទទួលបានចំណូលថវិកាប្រមាណ៤០.៦៤១.១៨៧.៤០០រៀល កើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១។

ក្នុងនោះផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) លក់បានចំនួន៣.២៧១លេខ ទទួលបានចំណូលថវិកាប្រមាណ២១.៣៦៥.៤០៧.០០០រៀល កើនឡើងចំនួន១៨% និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បាន១៦.៤៩៥លេខ ទទួលបានចំណូលថវិកាប្រមាណ១៩.២៧៥.៧៨០.៤០០ កើនឡើង៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់ លេខចុះបញ្ជីរថយន្ត នាថ្ងៃទី១១ ខែកក្កដា លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានបញ្ជាក់ថា ពីដំណើរវិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន ចាប់តាំងពីការបង្កើតប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាំងពីឆ្នាំ២០១៦ រហូតឈានដល់ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីលេខ ពិសេសផ្ទាល់ខ្លួន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីគំនិតបង្កើតថ្មី របស់ក្រសួងសាធារណការ ដើម្បីផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយភាពសម្បូរបែប។

លោកស្រីរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្ត ឲ្យសមាជិកសមា​ជិកា ផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលលើការ ជ្រើសរើសប្រធានបទ សម្រាប់កម្មវិធី MPWT Live Show ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) និងលេខពិសេសចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ដែលកម្មវិធីនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here