រាជរដ្ឋាភិបាលគ្រោងប្រមូលពន្ធមិនមែនសារពើពន្ធប្រមាណ១,៥ភាគរយនៃ GDP ក្នុងឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងកំណត់ការប្រមូលពន្ធមិនមែនសារពើពន្ធ សម្រាប់ផែនការឆ្នាំ២០២២ ប្រមាណ១,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) មានការថយចុះ១០,៣២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។

ការប្រមូលពន្ធមិនមែនសារពើពន្ធ នៅមុខស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រេចបានជាមធ្យមប្រមាណជាង២% នៃផ.ស.ស និងបានរួមចំណែកប្រមាណ១៤% នៃចំណូលចរន្តសរុប។ នៅឆ្នាំ២០១៩ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ៣% នៃផ.ស.ស ស្មើនឹង ១២៣,១% នៃច្បាប់ហិរញ្ញវត្ថុ។ នៅឆ្នាំ២០២០ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ ២% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ២៥,៥%។

ដោយឡែកនៅឆ្នាំ២០២១ សម្រេចបានប្រមាណ១,៥% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ១៩,៨៩% ដោយសារមុខចំណូលសំខាន់ៗ តាមវិស័យត្រូវរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ មានជាអាទិ៍ ចំណូលពីផលទុនទេសចរណ៍ ចំណូលពីទិដ្ឋាការ ចំណូលពីអាកាសចរណ៍ស៊ីវិល ចំណូលពីកាស៊ីណូ និងឆ្នោត ចំណូលពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗទាំងនេះ ចូលរួមចំណែកប្រមាណ៥០% នៃចំណូលមិនមែនសារពើពន្ធសរុប។

ទន្ទឹមនឹងនេះ សម្រាប់ផែនការឆ្នាំ២០២២ ត្រូវបានគ្រោងប្រមាណ១,៥% នៃផ.ស.ស មានការថយចុះ១០,៣២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើយោងតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអមនា​យ​ក​រដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គណៈរដ្ឋមន្រ្តីកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”។

ចំណូលមិនមែនសារពើពន្ធ មានវិសាលភាពធំទូលាយ និងមានប្រភពចំណូលបានមកពីវិស័យ និងសកម្មភាពជាច្រើន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង ការតាមដាន និងការជំរុញការប្រមូលចំណូល។

ទោះបីចំណូលមិនមែនសារពើពន្ធ ដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃចំណូលថវិកាជាតិ ប៉ុន្តែចំណូលមិនមែនសារពើពន្ធ ជាប្រភេទចំណូលតាមវិស័យ ដែលមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង និងការប្រមូលមិនទាន់អស់សក្ដានុពល ដោយសារពុំទាន់មានក្របខ័ណ្ឌគតិយុត្តគោលមួយ សម្រាប់ធានាឱ្យការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធអសក្ដានុពល និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here