គម្រោងវិនិយោគថ្មីៗចំនួន៨៧ទុនវិនិយោគជាង២៧០០លានដុល្លារត្រូវបានអនុម័តនៅឆមាសទី១

ដោយមករា

ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៨៧គម្រោង ក្រោមទុនវិនិយោគប្រមាណ ជាង២៧០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កម្ពុជាបានអនុម័តគម្រោងវិនិយោគ ប្រមាណជាង២៧០០លានដុល្លារ លើវិស័យជាច្រើនមុខ នឹងអាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាច្រើនម៉ឺនកន្លែង។

គម្រោងវិនិយោគទាំង៨៧គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ គម្រោងផលិតសំបកកង់យានយន្ត រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

ក្នុងឱកាសចូលរួមក្នុង “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី” លើកទី៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ CDC បានលើកទឹកចិត្តឱ្យវិនិយោគិន ក្នុងបណ្តាប្រទេសអាស៊ាន ជាពិសេសវិនិយោគិនមកពីអ៊ីតាលី និងប្រទេសផ្សេងៗទៀត ស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងជាច្រើន ដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបជាមួយសមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី និងសាជីវកម្មសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី លោក សុខ ចិន្តាសោភា បានលើកឡើងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ ហើយច្បាប់ស្តីពីវិនិយោគថ្មី ដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២១ ទៀតសោត ក៏ជាក្របខណ្ឌគតិយុត្តិមួយដ៏រឹងមាំ ដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here