អង្គគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”

ដោយ៖ សុផារី

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”។

នេះបើយោងតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអមនា​យ​ក​រដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។

ចំណូលមិនមែនសារពើពន្ធ មានវិសាលភាពធំទូលាយ និងមានប្រភពចំណូលបានមកពីវិស័យ និងសកម្មភាពជាច្រើន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង ការតាមដាន និងការជំរុញការប្រមូលចំណូល។

ការប្រមូលពន្ធមិនមែនសារពើពន្ធ នៅមុខស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រេចបានជាមធ្យមប្រមាណជាង២% នៃផ.ស.ស និងបានរួមចំណែកប្រមាណ១៤% នៃចំណូលចរន្តសរុប។ នៅឆ្នាំ២០១៩ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ៣% នៃផ.ស.ស ស្មើនឹង ១២៣,១% នៃច្បាប់ហិរញ្ញវត្ថុ។ នៅឆ្នាំ២០២០ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ ២% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ២៥,៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកនៅឆ្នាំ២០២១ សម្រេចបានប្រមាណ១,៥% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ១៩,៨៩%  ដោយសារមុខចំណូលសំខាន់ៗ តាមវិស័យត្រូវរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ មានជាអាទិ៍ ចំណូលពីផលទុនទេសចរណ៍ ចំណូលពីទិដ្ឋាការ ចំណូលពីអាកាសចរណ៍ស៊ីវិល ចំណូលពីកាស៊ីណូ និងឆ្នោត ចំណូលពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗទាំងនេះ ចូលរួមចំណែកប្រមាណ ៥០% នៃចំណូលមិនមែនសារពើពន្ធសរុប។

ទន្ទឹមនឹងនេះ សម្រាប់ផែនការឆ្នាំ២០២២ ត្រូវបានគ្រោងប្រមាណ១,៥% នៃផ.ស.ស មានការថយចុះ១០,៣២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។ ទោះបីចំណូលមិនមែនសារពើពន្ធ ដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃចំណូលថវិកាជាតិ ប៉ុន្តែចំណូលមិនមែនសារពើពន្ធ ជាប្រភេទចំណូលតាមវិស័យ ដែលមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង និងការប្រមូលមិនទាន់អស់សក្ដានុពល ដោយសារពុំទាន់មានក្របខ័ណ្ឌគតិយុត្តគោលមួយ សម្រាប់ធានាឱ្យការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធអសក្ដានុពល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព សក្ដិសិទ្ធិភាពក្នុងការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធឱ្យអស់សក្ដានុពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតឧបករណ៍មួយចំនួនបន្ថែមទៀត ពាក់ព័ន្ធនឹងក្របខ័ណ្ឌនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌឌីជីថលរួមមាន៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ប្រព័ន្ធទូទាត់អេឡិចត្រូនិក សម្រាប់បង់ចំណូលមិនមែនសារពើពន្ធ (e-payment) ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងសេចក្ដីព្រាងឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

ក្នុងន័យខាងលើនេះ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងពេញលេញ ដែលជាការធ្វើបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ គោលការណ៍ វិធាន និងនីតិវិធី និងការបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដែលបានដកស្រង់បទពិសោធន៍នៃការអនុវត្តកន្លងមក ក៏ដូចជាបទពិសោធន៍នៃឧត្តមានុវត្តអន្តរជាតិ ជាពិសេសពង្រឹងសិទ្ធិអំណាច ការបែងចែក ការទទួលខុសត្រូវ ភាពប្រទាក់ក្រឡាគ្នាពេញលេញ រវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពប្រមូលចំណូល។

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃកម្ពុជា ស្របតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

សាវតា នៃការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បានរៀបចំតាក់តែងឡើងក្នុងគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធរួមមាន ការកំណត់អំពីប្រភេទចំណូលមិនមែនសារពើពន្ធ យន្តការស្ថាប័ន និងកិច្ចសហការ ដំណើរការនៃការប្រមូលចំណូលមិនមែនសារពើពន្ធដែលចាប់ផ្តើមពីការរៀបចំគម្រោងចំណូលរហូតដល់ការផលិតជារបាយការណ៍លទ្ធផល ការធ្វើទំនើបកម្មការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំណត់អំពីបំណុលមិនមែនសារពើពន្ធ ការដោះស្រាយវិវាទការធ្វើអធិការកិច្ច និងសវនកម្ម ការត្រួតពិនិត្យវាយតម្លៃ ការលើកទឹកចិត្តនិងការដាក់ទណ្ឌកម្មនិងទោសទណ្ឌជាដើម។

សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយសម្រាប់ពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមដល់ការបំពេញមុខងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាប្រភពចំណូលសំខាន់របស់ថវិកាជាតិ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងតថភាពសេដ្ឋកិច្ច និងសង្គមជាក់ស្តែងនៃកម្ពុជា។

ដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានរៀបចំតាក់តែងយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ ដោយមានការសិក្សានិងស្រាវជ្រាវលើច្បាប់តាមវិស័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដកស្រង់បទពិសោធន៍ និងធាតុចូលពីឧត្តមានុវត្តន៍របស់ប្រទេសអភិវឌ្ឍន៍ដូចជា ប្រទេសស៊ុយអែត និងប្រទេសអូស្ត្រាលី។

សេចក្តីព្រាងច្បាប់នេះបានកែសម្រួលជាបន្តបន្ទាប់តាមរយៈការពិគ្រោះយោបល់ជាមួយក្រសួង និងអង្គភាពពាក់ព័ន្ធ កិច្ចប្រជុំបច្ចេកទេសអន្តរអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍និងតំណាងសង្គមស៊ីវិល និងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ។

ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក មាន១០១មាត្រា។

ច្បាប់នេះមានគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់នេះជាច្បាប់គោលមានវិសាលភាពអនុវត្តចំពោះចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ ដែលអនុវត្តដោយក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាលសហគ្រាសសាធារណៈ ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច អង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត និងភាគីឯកជនពាក់ព័ន្ធ ដែលស្ថិតក្រោមអធិបតយ្យភាព និង/ឬយុត្ដាធិការនៃកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here