ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនចង់បញ្ចប់ជម្លោះជាមួយក្រុងប៉េកាំង និងពង្រីកទំនាក់ទំនងសូម្បីយោធា

ដោយ៖ សុខុម

ប៉េកាំង: ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ដែលទើបឡើងកាន់តំណែងថ្មីមានឆន្ទៈចង់ដោះស្រាយបញ្ចប់ជម្លោះសមុទ្រចិនខាងត្បូង  ជាមួយទីក្រុងប៉េកាំង និងពង្រីកទំនាក់ទំនងក្នុងវិស័យថ្មីៗរួមមានការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និង “សូម្បីយោធា”។

លោកបានថ្លែងទៅកាន់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា មុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងដំណើររបស់លោកមកកាន់អាស៊ីអាគ្នេយ៍ថា “យើងមានទំនាក់ទំនងជាមួយគ្នាមិនត្រឹមតែលើទិដ្ឋភាពមួយប៉ុណ្ណោះទេ”។

នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគូសបញ្ជាក់ថា លោកនឹងព្យាយាម “រិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ចប់ជម្លោះដែលយើងមាន” ដើម្បីឱ្យទំនាក់ទំនងទ្វេភាគីវិលទៅរកភាពប្រក្រតីឡើងវិញ បន្ទាប់ពីមានជម្លោះដែនសមុទ្រជាច្រើនឆ្នាំ ជាមួយនឹងឱកាសពង្រីកទំនាក់ទំនងក្នុងវិស័យថ្មីៗជាច្រើនទៀត។

អំឡុងជំនួបជាមួយលោក Wang Yi លោក Ferdinand Marcos លើកឡើងថា លោកមានផែនការពង្រឹងទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសហ្វីលីពីន ឱ្យលើសពីបញ្ហាសមុទ្រចិនខាងត្បូង។

ប្រធានាធិបតីហ្វីលីពីន រូបនេះហាក់មានភាពឆ្លាតវៃនៅក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ឬអាចនិយាយបានថា ខ្លួនមួយជិះទូកពីរ ខណៈកំពុងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយោធារបស់ខ្លួន។ សហរដ្ឋអាមរិក ជាមហាអំណាចដែលធ្លាប់ដាក់អាណានិគមលើប្រទេសហ្វីលីពីន និងនៅតែមានឥទ្ធិពលលើប្រទេសនេះនាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here