រដ្ឋាភិបាលថៃប្រកាសឱ្យប្រជាជនឈប់ភ័យខ្លាចការខ្វះខាតប្រេងដោយអះអាងថាខ្លួនមានប្រេងបម្រុងរហូតដល់ទៅ៦០ថ្ងៃ

ដោយ:លាងហួរ
បាងកក:លោកSupattanapong Punmeechaowរដ្ឋមន្ត្រីថាមពលថៃនៅថ្ងៃអង្គារនេះ បានប្រកាសឱ្យប្រជាជនឈប់ភ័យខ្លាចនៃការខ្វះខាតប្រេងដោយលោកបានបញ្ជាក់ថាប្រទេសថៃឥឡូវនេះមានប្រេងឆៅបម្រុងរហូតដល់ទៅ៦០ ទៅ៧០ថ្ងៃ។

លោកSupattanapong បានមានប្រសាសន៍ថា ប្រទេសថៃបានបង្កើនទុនបម្រុងប្រេងរបស់ខ្លួនទ្វេដងពី៣០ថ្ងៃនៅក្នុងស្ថានភាពធម្មតារហូតដល់ទៅ៦០ទៅ៧០ថ្ងៃដោយសារតែវិបត្តិថាមពលសកលដែលបណ្តាលមកពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបន្តនាំឱ្យប្រទេសមួយចំនួនខ្វះខាតប្រេងយ៉ាងខ្លាំង។

លោកបានបន្តថា ស្ថានភាពស្តុកប្រេងត្រូវបានរាយការណ៍នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិដែលដឹកនាំដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ហើយនេះជាលើកទីមួយហើយដែលលោកប្រាយុទ្ធបានយកកិច្ចប្រជុំ NSC ដើម្បីពិភាក្សាអំពីវិបត្តិថាមពល។

លោក Supattanapong បានបន្ថែមទៀតថា ក្រសួងថាមពលបានបង្ហាញផែនការបន្ទាន់ទាំងអស់ ក្នុងករណីមានការខ្វះខាតប្រេងនៅក្នុងប្រទេស។លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងភ្នាក់ងារអនុវត្តច្បាប់សំខាន់ៗក៏បានបង្ហាញពីផែនការរបស់ពួកគេក្នុងការទប់ទល់នឹងស្ថានភាពប្រសិនបើមានការខ្វះខាតប្រេងកើតឡើង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here