ដោយៈ សុខុម
រីយ៉ាដ: មហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃច័ន្ទ ទី៤ ខែកក្កដា បានចេញព្រះរាជក្រឹត្យអនុម័ត កញ្ចប់ថវិកា៥,៣២ពាន់លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋកាត់បន្ថយផលប៉ះពាល់ នៃការឡើងថ្លៃទំនិញទូទាំងពិភពលោក។
យោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃអង្គារ ទី៥ ខែកក្កដា នេះឱ្យដឹងថា ពាក់កណ្តាលនៃកញ្ចប់ថវិកានេះ នឹងបានទៅលើអ្នកទទួលផលធានារ៉ាប់រងសង្គម និងកម្មវិធីគណនីពលរដ្ឋ។
នៅមុននេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman បានសង្កត់ធ្ងន់ពីភាពចាំបាច់ ត្រូវផ្តោតយកចិត្តទុកដាក់ចំពោះពលរដ្ឋ ដែលខ្វះខាតបំផុតនៅក្នុងប្រទេសនេះ បន្ទាប់ពីទំនិញមួយចំនួន ដែលជាតម្រូវការជាមូលដ្ឋានបាននិងកំពុងហក់ឡើងថ្លៃឥតឈប់ឈរ។
យោងតាមទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត (Saudi Press Agency) ឱ្យដឹងថា ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់ របស់បណ្ដាក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាល ក្នុងការពិនិត្យតាមដានស្ថានការណ៍វិវត្តន៍ នៅលើឆាកអន្តរជាតិ។
តួនាទីដ៏សំខាន់ទាំងនោះ រួមមាន ការតាមដានបញ្ហាទាក់ទិនខ្សែស ង្វាក់ផ្គត់ផ្គង់ចំណីអាហារ ការពិនិត្យតាមដានទីផ្សារ ផលិតផលដែលមានលើទីផ្សារ កម្រិតតម្លៃ ការការពារ និងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងដោយត្រឹមត្រូវ ព្រមទាំងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការអនុវត្តសិទ្ធិផ្តាច់មុខ ដែលប៉ះពាល់ដល់ការប្រកួតប្រជែងស្របច្បាប់ ឬផលប្រយោជន៍របស់អ្នកប្រើប្រាស់ផងដែរ៕ Arab News៕