ឈ្មួញទំនិញរុស្ស៊ីឈោងចាប់ក្រុងឌូបៃ ខណៈការធ្វើពាណិជ្ជកម្មជាមួយស្វ‍៊ីសកាន់តែពិបាកដោយសារទណ្ឌកម្ម

ដោយ៖ សុខុម

ឌូបៃ: ពេលនេះក្រុមឈ្មួញទំនិញរុស្ស៊ី កំពុងប្រញាប់ប្រញាល់បង្កើតអាជីវកម្មរបស់ខ្លួននៅក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ខណៈប្រទេសស្វ‍៊ីស ធ្វើឱ្យពួកគេកាន់តែពិបាករកស៊ី និងពិបាកដោះស្រាយជាមួយរដ្ឋាភិបាលក្រុងមូស្គូ។

យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃពុធ ទី២២ ខែមិថុនា នេះឱ្យដឹងថា ប្រទេសស្វ‍៊ីស បានក្លាយជាមូលដ្ឋានដ៏អំណោយផលមួយ ដែលឈ្មួញកណ្ដាលជួយផ្គូរផ្គងក្រុមហ៊ុនផលិតរបស់រុស្ស៊ី ជាមួយអ្នកទិញទូទាំងពិភពលោករយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ទោះជាយ៉ាងណា ពេលនេះការដាក់ទណ្ឌកម្មកាន់តែច្រើនឡើង និងធ្ងន់ធ្ងរឡើងពីសំណាក់លោកខាងលិច និងសហភាពអឺរ៉ុប កំពុងជំរុញឱ្យឈ្មួញទាំងនោះងាកទៅឈោងចាប់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ជំនួសប្រទេសស្វ‍៊ីស។
ក្រុមហ៊ុនផលិតប្រេងធំបំផុតទាំង៣របស់រុស្ស៊ី កំពុងស្ថិតក្នុងដំណើរការវាយតម្លៃក្រុងឌូបៃ សម្រាប់ប្រតិបត្តិការ
ពាណិជ្ជកម្ម ហើយក្រុមហ៊ុនជាច្រើនផ្សេងទៀតបានប្ដូរទីតាំងទៅកាន់នៅទីនោះរួចហើយ។

សម្រាប់ប្រទេសស្វ‍‌‍៊ីស ការសម្រុកចាកចេញរបស់ឈ្មួញបែបនេះ គឺទំនងជាជៀសមិនផុតឡើយ បន្ទាប់ពីប្រទេសនេះអនុវត្តតាមបម្រាមរបស់សហភាពអឺរ៉ុប ដែលតម្រង់គោលដៅទៅរកទំនិញនាំចេញពីប្រទេសរុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់បានធ្វើឱ្យបណ្ដាក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី រួមទាំងក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់ប្រទេសនេះផងកាន់តែពិបាកធ្វើពាណិជ្ជកម្ម។ ការដាក់ទណ្ឌកម្មដោយឯកឯងជាលក្ខណៈក្រៅផ្លូវការក៏ជាបញ្ហាមួយដែរ។

ស្ថានភាពដ៏អាក្រក់នេះបានធ្វើឱ្យក្រុងឌូបៃ ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ឈ្មួញរុស្ស៊ី ទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here