លោក ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្ត Ford ជាគំរូការវិនិយោគវិស័យយានយន្តនាពេលអនាគតរបស់កម្ពុជា

ពោធិ៍សាត់៖ ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងលើកទឺកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការវិនិយោគនៅក្នុងវិស័យយានយន្ត ក្នុងពេលអនាគតទៀត។

នេះបើតាមប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៦ ខែមិថុនា ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ជាច្រករបៀងសេដ្ឋកិច្ចមួយ។

លោក ហ៊ុន ម៉ាណែត លោកបានថ្លែងអរគុណចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត ដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក ប្រកបដោយសក្តានុពល យោងទៅលើស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដូចពេលបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ជាពេលនេះ គឺជាមោទនភាពមួយសម្រាប់អ្នកមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលស្វាគមន៍វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបមួយនេះ ដែលពិតជាបានចូលរួមបង្កើនឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញ និងបែបបទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដោយមិនមែនត្រឹមតែជាការជំរុញកំណើនសេដ្ឋកិច្ចជាតួលេខ មួយមុខនោះឡើយ។ ទាំងនេះ ក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បីជាការត្រៀមខ្លួនចូលរួមប្រកួតប្រជែងទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ ។

លោកក៏បានរំលេចផងដែរថា រោងចក្រនេះ គឺជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងលើកទឺកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការវិនិយោគនៅក្នុងវិស័យយានយន្ត ក្នុងពេលអនាគតទៀត។

លោកក៏បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia រោងចក្រដំឡើងរថយន្ត FORD នេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ស្របតាមស្តង់ដារអន្តរជាតិ ក្នុងសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យា។ ក្រុមហ៊ុន RMA Cambodia មិនត្រឹមតែផ្ដល់នូវឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋានប្រមាណជាង ៥០០ កន្លែងប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់រោងចក្រនេះ ក៏បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្ម និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ។

ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here