គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាផ្ដោតលើ៤ចំណុច សំដៅដោះស្រាយ និងលើកកម្ពស់បញ្ហាថាមពលមួយចំនួន

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាមានគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដោយផ្ដោតទៅលើ៤ចំណុចសំខាន់ៗ សំដៅដោះស្រាយ និងលើកកម្ពស់បញ្ហាថាមពលមួយចំនួន រួមមាន អគ្គិសនី ប្រព័ន្ធភស្តុភារកម្ម ការដឹកជញ្ជូន ការកសាងធនធានមនុស្ស និងការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

 

នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមិថុនាម្សិលមិញនេះ ក្នុងឱកាសពិភាក្សាការងារជាមួយលោក MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ផ្ដោតទៅលើ៤ចំណុច រួមមាន ១) ការកាត់បន្ថយថ្លៃអគ្គិសនី ២) ការរៀបចំឱ្យមានប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាពតាមរយៈការបង្កើតផែនការមេភស្តុភារកម្ម ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងនៃការដឹកជញ្ជូន កាត់បន្ថយចំណាយភស្តុភារកម្ម និងការដឹកជញ្ជូន ៣) ការកសាងធនធានមនុស្សដែលមានភាពប្រកួតប្រជែង និង៤) ការប្រែក្លាយខេត្តព្រះសីហនុទាំងមូលឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

 

លោកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការមេលើការកែសម្រួលផ្លូវថ្នល់ ការពង្រីកនិងលើកកម្រិតគុណភាពផ្លូវពីរគន្លងទៅបួនគន្លង ការបង្កើនការតភ្ជាប់ទៅគ្រប់ច្រកល្ហកសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស។

ជាពិសេស ការរៀបចំផែនការមេភស្តុភារកម្ម រួមមាន គម្រោងប្រមាណ៣៣០គម្រោង ត្រូវការទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ រួមទាំងការរៀបចំរហដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមច្រកទ្វាព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាងសំដៅជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់មានភាពងាយស្រួល ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស កាត់បន្ថយចំណាយភស្តុភារកម្ម និងដឹកជញ្ជូន និងទាក់ទាញវិនិយោគផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here