ប្រទេសកម្ពុជាប្តេជ្ញាដោះស្រាយបញ្ហាប្រឈមចំនួន៣ជាមួយ អង្គការពាណិជ្ជកម្មពិភពលោក

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជា ចង់ឃើញនូវការសម្រេចបន្ថែមលើការចរចាធ្វើកំណែទម្រង់កសិកម្ម ហើយកម្ពុជានឹងចូលរួមយ៉ាងសកម្ម ជាមួយសមា​ជិកផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និងកំណែទម្រង់អង្គការWTO ព្រមទាំងការលើកលែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)។

នេះបើតាមប្រសាសន៍លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងសុន្ទរកថាបើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference – MC12) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា “លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នឹងក្លាយជាលទ្ធផលដ៏សំខាន់បំផុត សម្រាប់អង្គការ WTO ដែលបញ្ហានេះ គឺបានអូសបន្លាយពេលជាង២០ឆ្នាំមកហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ពិភពលោកបាននឹងកំពុងប្រឈមនឹងបញ្ហាសកល រួមទាំងវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជាក៏ដូចប្រទេសនានាជុំវិញពិភពលោកផងដែរ។

លោកប៉ាន សូរស័ក្តិក៏បានលើកឡើងពីបញ្ហា ដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងជួបនឹងវិបត្តិ ហើយការមិនទទួលបានលទ្ធផល ពីសន្និសីទថ្នាក់រដ្ឋមន្ត្រីមុនៗ បានចោទជាសំណួរ ចំពោះប្រសិទ្ធភាពនៃអង្គការ WTO។ កម្ពុជា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច តែងតែគាំទ្រនិងផ្តល់តម្លៃខ្ពស់លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

លោកបន្តថា កម្ពុជាចង់ឱ្យ MC12 នេះ ប្រកបទៅដោយរលូន និងទទួលបាននូវលទ្ធផលជាផ្លែផ្កា ហើយសមាជិកគួរប្រើសន្និសីទនេះ ជួយពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើននូវ នៃបញ្ហាការសម្រេចចិត្តដោយឯកតោភាគី និងបញ្ហាដែលប្រទេសតូចត្រូវបានដាក់ឱ្យនៅដោយឡែក។

លោកបន្ថែមថា ប្រទេសកម្ពុជាបន្តគាំទ្រ និងឱ្យតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយយកមូលដ្ឋានច្បាប់ជាចម្បង។ សមាជិកទាំងអស់ត្រូវធានាថា អង្គការWTO នៅតែសកម្មតាមរយៈការធ្វើកំណែទម្រង់ មានតម្លាភាព និងជាវេទិកាប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាចំណែកមួយក្នុងការសម្រេចចិត្ត និងបានលើកឡើងពីបញ្ហារបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here