កិច្ចព្រមព្រៀង CEPA នឹងជម្រុញកំនើនពាណិជ្ជកម្មកម្ពុជា អារ៉ាប់រួមកាន់តែប្រសើរឡើង

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ការជម្រុញកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា អារ៉ាប់ (CEPA) ត្រូវបានមន្ត្រីជាន់ខ្ពស់នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ដែលនឹងជួយបង្កើនទំហំពាណិជ្ជកម្ម ​រវាងប្រទេ​សទាំងពីរកាន់តែកើនឡើងថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយលោករដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០៣មិថុនា លោក Kayaan K. Unwalla ទីប្រឹក្សាអនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្ម​អន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញពីសុទិដ្ឋិ​និយមខ្ពស់ ចំពោះលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀងCEPA ជាមួយកម្ពុជានាពេលខាងមុខ។

លោកបានមានប្រសាសន៍ថា កិច្ចព្រមព្រៀង CEPA មានវិសាលភាពគ្របដណ្តប់វិស័យអាទិភាពជាសារវ័ន្ត ដូចជា ពាណិជ្ជកម្មទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មីក្រូសហគ្រាស-សហគ្រាសធុនតូចនិងមធ្យម និងពាណិជ្ជកម្មឌីជីថល។-ល-។

លោកបានបន្តថា គិតមកដល់ពេលនេះ អេមីរ៉ាតអារ៉ាប់រួម បានបង្កើត CEPA ចំនួនពីរ រួមមាន អ៊ីស្រាអែល និងឥណ្ឌា និងត្រៀមបង្កើតបន្ថែមជាមួយឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀតក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណដល់ភាគី​អេមីរ៉ាតអារ៉ាប់រួម ដែលបានគាំទ្រលើគំនិតផ្តួចផ្តើម ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់​តែស៊ីជម្រៅ តាមរយៈក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement – CEPA) និងបានស្នើក្រុមការងារអេមីរ៉ាតអារ៉ាប់រួម រៀបចំ​សេចក្តីព្រាងលក្ខន្តិកៈយោង (Terms of Reference) ក៏ដូចជារួមគ្នាសិក្សាស្រាវជ្រាវពីភាពអាចធ្វើបាន (Feasibility study)។

នៅក្នុងជំនួបនោះភាគីទាំងពីរ បានឯកភាពគ្នា ពិនិត្យលទ្ធភាពក្នុងការស្វែងយល់បន្ថែមអំពីនីតិវិធី និងលក្ខន្តិកៈនានា ព្រមទាំងសិក្សាស្រាវជា្រវលម្អិតពីអត្ថប្រយោជន៍នៃការបង្កើតCEPA នៅវេលាសមស្របនាពេលខាងមុខ។

ផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ១០០ លានដុល្លារក្នុងឆ្នាំ២០២០ និង១៥០ លានដុល្លារក្នុងឆ្នាំ២០២១ កើនក្នុងអត្រាប្រមាណ៥០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here