៥ខែដើមឆ្នាំកម្ពុជាទទួលបានចំណូល ៥៦៥លានដុល្លារអាមេរិក ពីការនាំចេញស្រូវ អង្ករទៅកាន់ទីផ្សារអន្តរជាតិ

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២២នេះ ការនាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន៥៦៥លានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករមានចំនួន២៨៣.៦៧៥តោន និងទទួលបានទឹកប្រាក់ចំនួន១៧៣លានដុល្លារអាមេរិក និងការនាំចេញស្រូវមានចំនួន១.៦៩៨.៩០៨តោន គិតជាទឹកប្រាក់ចំនួន៣៩១លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយកាលពីចុងសប្ដាហ៍ កន្លងទៅនេះ។

តាមរបាយការណ៍ឱ្យដឹងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានកំណើន២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ ក្នុងនោះការនាំចេញទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវមានចំនួន១៤៩.៤៤៧តោន ស្មើនឹង៥២,៦៨ភាគរយ នៃការនាំចេញសរុបមានកំណើន ២៣,៦៨ភាគរយ ។ ការនាំចេញទៅកាន់បណ្តាប្រទេសនានា នៅក្នុងទ្វីបអឺរ៉ុបចំនួន២៣ប្រទេស បានចំនួន៨៨.១៦៧តោន ស្មើនឹង៣១ភាគរយមានកំណើន ចំនួន៤៩,២៦ភាគរយ  ការនាំចេញទៅកាន់ប្រទេសតំបន់អាស៊ាន មានចំនួន២៥.៦៩១តោនស្មើនឹង៩,០៦ភាគរយ និងមានកំណើន១៧,៥៩ភាគរយ ។

ដោយឡែកក្នុងខែឧសភាឆ្នាំ ២០២២នេះ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមាន៦២.៥៣៧តោន មានកំណើនរហូតដល់៥៤.២៨ភាគរយធៀបនឹងខែឧសភា ២០២១ និងនាំចេញស្រុវបានចំនួន៥០.១៦១តោនផងដែរ ។

លោកលន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំ២០២២នេះ តម្រូវការអង្ករកម្ពុជានៅសហភាពអឺរ៉ុបបានកើនឡើងវិញ ដែលធ្វើឱ្យការនាំចេញទៅកាន់ប្រទេសអឺរ៉ុប មានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសនោះគឺការផ្ដល់អនុគ្រោះពន្ធ មកកម្ពុជាឡើងវិញនៅដើមឆ្នាំ២០២២នេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here