ដោយៈ សុខុម
បាងកក: គណៈកម្មាធិការអចិន្ត្រៃយ៍រួម ទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) នៃប្រទេសថៃ បានរក្សាការព្យាករអំពីផលទុនជាតិសរុប (GDP) របស់ខ្លួនឱ្យនៅដដែល សម្រាប់ឆ្នាំ២០២២ ចន្លោះពី២,៥%ទៅ៤% បើទោះបីជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានជះផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកក្ដី។
លោក Sanan Angubolkul ប្រធាន JSCCIB បានលើកឡើងកាលពីថ្ងៃពុធទី១ ខែមិថុនា ថា “ទោះបីជាប្រទេសថៃ ប្រឈមហានិភ័យនៅឡើយ ដែលរួមមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដោយសារជម្លោះអន្តរជាតិ ទំនិញឡើងថ្លៃ ដែលបណ្ដាលមកពីវិបត្តិតម្លៃប្រេងឥន្ធនៈ និងអតិផរណាយ៉ាងណាក្ដី ក៏យើងជឿជាក់ថាប្រទេសថៃ នឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចចន្លោះពី២,៥% ទៅ៤%ដោយសារការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការនាំចេញកើនឡើង”។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា។
លោក Sanan Angubolkul ដែលមានតួនាទីជាប្រធានសភាពាណិជ្ជកម្មថៃ ផងដែរនោះបានបន្ថែមទៀតថា ក្តីបារម្ភទូទាំងពិភពលោកអំពីកង្វះស្បៀងអាហារ និងវត្ថុធាតុដើម ក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ដោយសារឥទ្ធិពលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យតម្រូវការផលិតផលថៃកើនឡើង។
លោកបានព្យាករថា វិស័យនាំចេញនឹងសម្រេចបាន កំណើនចន្លោះពី៣% ទៅ៥%ក្នុងឆ្នាំ២០២២នេះ ខណៈអតិផរណាទូទៅត្រូវបានរំពឹងថានឹងមានចន្លោះពី៣,៥%ទៅ៥,៥%។
ទន្ទឹមនេះលោកបានព្រមានថា “ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅក្នុងប្រទេសចិន និងជប៉ុន អាចប៉ះពាល់ដល់ការនាំចេញសម្រាប់ឆ្នាំនេះ ដូចដែលយើងអាចមើលឃើញស្រាប់ ចំពោះការនាំចេញក្នុងខែមេសា ទៅកាន់ប្រទេសទាំងនោះ ដែលទាបជាងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។
ទាក់ទិននឹងវិស័យទេសចរណ៍វិញ លោកបានលើកឡើងថា “យើងមើលឃើញថា ចំនួនភ្ញៀវទេសចរបរទេស កំពុងកើនឡើងចាប់តាំងពីដកចេញនូវវិធានការរឹតបន្តឹងកូវីដ-១៩ ដូចនេះគណៈកម្មាធិការជឿថា ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងឈានដល់៨លាននាក់”៕ The Nation៕