ក្រសួងសុខាភិបាលកម្ពុជា និងស្ថានទូតចិនចុះ MOU ដើម្បីឈានទៅសម្រេចការវេចខ្ចប់វវ៉ាក់សាំងលើកដំបូងនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងសុខាភិបាល និងស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំង បង្ការវីរុសកូវីដ-១៩។

កិច្ចសហការនេះ ធ្វើឡើងរវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជាមានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងបាន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជីង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិ ក្នុងការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Sinovac Life Sciences Co., Ltd.។

លោកវេជ្ជបណ្ឌិតមម ប៊ុនហេង លើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ អាចឲ្យកម្ពុជាមានលទ្ធភាពវេចខ្ចប់វ៉ាក់សាំង ដែលចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការ សុខភាពពិភពលោក ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។

គម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជារយៈពេល៣ឆ្នាំ (២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើបា្រស់ក្នុងប្រទេសនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here