ដោយ៖ សុផារី
ភ្នំពេញ៖ នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC បានអនុម័តគម្រោងអភិវឌ្ឍន៍ចំនួនសរុប១៦ ក្នុងទឹកប្រាក់វិនិយោគសរុប១៨១លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានជាច្រើនកន្លែងផងដែរ។
យោងតាមទិន្នន័យស្តីពីការចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia) បានឱ្យដឹងថា ក្នុងមួយខែឧសភា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងអភិវឌ្ឍន៍ចំនួនសរុប១៦ ក្នុងទឹកប្រាក់វិនិយោគសរុប១៨១លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានជាច្រើនកន្លែងផងដែរ។
គម្រោងអភិវឌ្ឍន៍ទាំងនោះ ជាគម្រោងសម្រាប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រអេឡិចត្រូនិក រោងចក្រវាយនភ័ណ្ឌ រោងចក្រត្បាញ រោងចក្រផលិតសម្ភារៈវេចខ្ចប់ ។ល។ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដូចជា ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ជាដើម។
ក្នុងនោះ គម្រោងធំៗ ដែលគួរឱ្យចាប់អារម្មណ៍មានដូចជា គម្រោងរបស់ MAKRO (CAMBODIA) COMPANY LIMITED គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១២,៧លានដុល្លារអាមេរិក៕