ឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីថា Crypto មានហានិភ័យខ្ពស់ ប៉ុន្តែមានសក្ដានុពលផ្លាស់ប្ដូរអនាគតនៃប្រព័ន្ធហិរញ្ញវត្ថុ

ដោយៈសុខុម

សឹង្ហបុរី: ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Heng Swee Keat បានថ្លែងនៅថ្ងៃអង្គារ ទី៣១ ខែឧសភា នេះថា រូបិយប័ណ្ណឌីជីថល ឬ Crypto “មានហានិភ័យខ្ពស់” ប៉ុន្តែវាក៏មានសក្តានុពលផ្លាស់ប្តូរអនាគត នៃប្រព័ន្ធហិរញ្ញវត្ថុផងដែរ។

លោកបានថ្លែងក្នុងកិច្ចប្រជុំកំពូល Asia Tech x Singapore 2022 ថា “យើងត្រូវតែបន្តកែសម្រួលច្បាប់របស់យើងដើម្បីធានាថា បទប្បញ្ញត្តិនានា នៅតែជួយសម្រួលដល់នវានុវត្តន៍ថ្មី និងនៅតែដោះស្រាយហានិភ័យធំៗដែលរូបិយប័ណ្ណឌីជីថលបង្កឡើង”។

លោកបានគូសបញ្ជាក់ថា អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) តែងតែព្រមានសាធារណជន កុំឱ្យធ្វើការជួញដូររូបិយប័ណ្ណឌីជីថល ស្របពេលរដ្ឋាភិបាលបានដាក់ចេញវិធានការនានា ដើម្បីរឹតបន្តឹងការផ្សព្វផ្សាយអំពីរូបិយប័ណ្ណឌីជីថល ទៅដល់សាធារណជនទូទៅនៅដើមឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “អ្នកវិនិយោគជាច្រើន បានទទួលរងការខាតបង់ ហើយថែមទាំងបាត់បង់ប្រាក់សន្សំ ពេញមួយជីវិរបស់ពួកគេទៀតផងដោយ​សារការធ្លាក់ថ្លៃខ្លាំងហៅមិនឮ នូវរូបិយប័ណ្ឌឌីជីថល TerraUSD និង Luna កាលពីពេលថ្មីៗនេះ ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ មកលើ Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗទៀត”។

ទោះជាយ៉ាងណា ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី រូបនេះបានកត់សម្គាល់ថា ប្រព័ន្ធរូបិយប័ណ្ណឌីជីថល មានសេវាកម្មយ៉ាងច្រើន សម្បូរបែបលើសពីការជួញដូររូបិយប័ណ្ណឌីជីថល ហើយថាសិង្ហបុរី នៅតែចង់សហការជាមួយដៃគូសំខាន់ៗផ្នែកបច្ចេកវិទ្យា Blockchain និងរូបិយប័ណ្ណឌីជីថល ដើម្បីជំរុញការបង្កើតនវានុវត្តន៍ថ្មី និងបង្កើនទំនុកចិត្តលើវិស័យនេះ។

បច្ចេកវិទ្យា Blockchain គឺជាបច្ចេកវិទ្យាបង្កើតឡើងដំបូង ដើម្បីដោះដូរ និងបញ្ជាក់ភាពពិតប្រាកដរបស់រូបិយប័ណ្ណឌីជីថល Bitcoin ជាមូលដ្ឋា​ន គឺការធ្វើបញ្ជីគណនេយ្យមួយ ដែលមានទម្រង់ជាប្រព័ន្ធសំណុំកុំព្យូទ័រ មិនអាចកែប្រែបាន៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here