ក្រសួងកសិកម្មដាក់ដំណើរការប្រព័ន្ធបញ្ជរតែមួយតាមប្រព័ន្ធអនឡាញ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយ តាមប្រព័ន្ធអនឡាញមួយបន្ថែមទៀត ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច ក៏ដូចជា ផ្តល់ភាពងាយស្រួលជូន ដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកវេង សាខុនបានមានប្រសាសន៍ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការដាក់ឲ្យអនុវត្តន៍ ប្រព័ន្ធបញ្ជរតែមួយជាតិ សម្រាប់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៦ ខែឧសភាកន្លងមកថា ការអនុវត្តប្រព័ន្ធបញ្ជរតែមួយ តាមប្រព័ន្ធអនឡាញនេះ គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិ​យោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹត្យភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំង ក្នុងនិងក្រៅប្រទេស។

លោកបន្តថា“សិក្ខាសាលានាពេលនេះ នឹងផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមមុខនាទីរៀងៗខ្លួន ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះដែរ ក៏នឹងធ្វើការផ្សព្វផ្សាយនូវតួនាទី របស់វិស័យកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់សេវាសាធារណ: ដែលត្រូវធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ព្រមជាមួយគ្នាក៏ត្រូវសិក្សាស្វែងយល់បន្ថែម អំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗទៀត ទាក់ទងការអនុវត្ត ប្រព័ន្ធបញ្ជរតែមួយជាតិពីគ្រប់មជ្ឈដ្ឋាន។ ប្រមូលបានគ្រប់បញ្ហា និងចំណុចខ្វះខាត បន្ទាប់មករួមគ្នាធ្វើការកែលម្អ និងដោះស្រាយឲ្យបានទាន់ពេល និងកាន់តែល្អប្រសើរឡើងជាលំដាប់។

លោករដ្ឋមន្រ្តីវេង សាខុនបានបន្តថា ក្រសួងបានចូលរួមកិច្ចអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ តាមរយៈប្រកាសលេខ៧៥១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិអន្តរក្រសួង។

ក្នុងកិច្ចដំណើរការនេះ ក្រុមហ៊ុន vCargo Cloud Pte Lted (VCC) បានមកសិក្សា និងរៀបចំប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ជាមួយក្រសួង ដើម្បីបង្កើតប្រព័ន្ធមួយ “A Single decision making for customs release and clearance of cargo”។

ក្រសួងមានអង្គភាពចំនួន៤ បានចូលរួមគឺអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អគ្គនាយក-ដ្ឋានកសិកម្ម រដ្ឋបាលជលផល និងនាយកដ្ឋានកិច្ចការរដ្ឋបាល។ ដើម្បីសម្របសម្រួលការងារនេះ ក្រសួងបានបង្កើតក្រុមការងារ សម្របសម្រួលទំនាក់ទំនងបន្តភ្ជាប់ ទៅបញ្ជរតែមួយជាតិកម្ពុជា តាមរយៈសេចក្តីសម្រេចលេខ៤០៣ សសរ កសក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកឱម គឹមស៊ា រដ្ឋលេខាធិការ ជាប្រធាន និងតំណាងអង្គភាពពាក់ព័ន្ធជាសមាជិក ហើយនៅពេលដ៏ខ្លីខាងមុខក្រសួង នឹងដាក់ឱ្យដំណើរការប្រព័ន្ធនៃការចុះបញ្ជី តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា (On Line) នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here