ការធ្វើធុរកិច្ចក្រោយវិបត្តិកូវីដ១៩ នឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងមុន

ដោយៈ លក្ខិណា

ភ្នំពេញៈ វិបត្តិកូវីដ១៩ បានជំរុញឱ្យមានការធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារ និងអាជីវកម្មជាច្រើនមិនថាតែក្នុងប្រទេសកម្ពុជា ពោលគឺបណ្ដាប្រទេ​សនានាលើពិភពលោក នឹងត្រូវធ្វើពិពិធកម្មកាន់តែច្រើនដូចគ្នាដែរ ហើយធុរកិច្ចក្រោយវិបត្តិកូវីដ១៩នេះ នឹងប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងមុន និងមិនអាចនៅរក្សាការធ្វើធុរកិច្ច ឬអាជីវកម្មតាមបែបប្រពៃណីដូចមុនទៀតឡើយ។

លោកបណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា នៅក្នុងពិធី ចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៃវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា កាលពីថ្ងៃទី២៦ ឧសភា ២០២២ឱ្យដឹងថា កាលពីមុនការធ្វើអាជីវកម្ម ការធ្វើប្រតិបត្តិការតាមបណ្ដាធនាគារជាដើមគឺធ្វើតាមប្រពៃណី គឺការទិញផ្ទាល់លក់ផ្ទាល់ និងទូទាត់ផ្ទាល់ តែនៅពេលកម្ពុជាក៏ដូចជាពិភពលោក បានជួបវិបត្តិនឹងជំងឺកូវីដ១៩ បានជំរុញនិងបង្ខំ ឱ្យការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងធុរកិច្ចងាកទៅការប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

លោកបន្តថា “នៅក្រោយវិបត្តិកូវីដ១៩ ទោះបីជាស្ថានភាពកូវីដ១៩បានប្រសើរឡើងក្ដី តែការធ្វើធុរកិច្ចនឹងនៅតែបន្ត ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ហើយវានឹងមានទំនោរកាន់តែច្រើន”។ លោកបន្តថា “ទៅថ្ងៃខាងមុខ ពិភពលោក នឹងនិយាយតែអំពីការបដិវត្តន៍ឧស្សាហកម្ម៤.០ ការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន ដូច្នេះការរៀនសូត្រ និងការអប់រំក៏ត្រូវងាកទៅរកការអប់រំបច្ចេកវិទ្យាផងដែរ”។

លោកបណ្ឌិតហង់ ជួនណារ៉ុនបានបន្តថា ដើម្បីឆ្លើយតបនឹងនិន្នាការនេះ កម្ពុជាបានត្រៀមលក្ខណៈ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយលើកកម្ពស់ គ្រប់កម្រិតរាប់ចាប់តាំងពីកុមារតូច បឋម មធ្យម និងកែលម្អសាលារៀនបញ្ចូលការសិក្សា បច្ចេកវិទ្យាឌីជីថល (ICT) ជាពិសេស បណ្ដុះឱ្យសិស្ស និស្សិតមិនត្រឹមតែមានចំណេះដឹងទេ តែត្រូវមានបំណិន   សម្បទា ចេះប្រើប្រាស់ចំណេះដឹងដើម្បីដោះស្រាយបញ្ហា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកបណ្ឌិតអ៉ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាក៏បានមានប្រសាសន៍ផងដែរថា កាលពីអំឡុងនៃវិបត្តិកូវីដ១៩ ដំបូងៗយើងគិតថា យើងមិនអាចកែប្រែ និងធ្វើធុរកិច្ចតាមប្រព័ន្ធប  ច្ចេកវិទ្យាលឿនទេ ហើយកាលនោះក៏មានបញ្ហាដែរ តែក្រោយមក ពោលគឺពេលបានប្រើប្រាស់យូរៗទៅ កំណើននៃអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យធនាគារក៏កើនឡើងកាន់តែខ្លាំង ។

លោកបន្តថា “រហូតមកដល់ពេលនេះ ប្រព័ន្ធបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រព័ន្ធធនាគារ ក៏ដូចជា អាជីវកម្មនៅតាមវិស័យផ្សេងទៀត ហើយកំណើនអ្នកប្រើប្រាស់ប្រព័ន្ធនេះ ក៏កាន់តែច្រើនឡើងៗផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here